ចូលរួមផលិតវីដេអូជាមួយស.ស.យ.ក.

សហភាពសហព័ន្ធយុវជនកម្ពុជា កំពុងរៀបចំការផលិតវីដេអូខ្លីមួយ ដែលបង្ហាញពីការរួមគ្នាជាធ្លុងមួយរបស់មហាគ្រួសារខ្មែរដើម្បីឆ្លងផុតគ្រាលំបាក និងឧបសគ្គនានា ដែលជាឧទាហរណ៍ដូចជាបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលយើងកំពុងជួបប្រទះជាដើម។

ក្នុងន័យនេះ ស.ស.យ.ក. មានកិត្តិយសសូមអញ្ជើញ ឯកឧត្តម លោកជំទាវ ព្រះតេជគុណ លោក លោកស្រី នាង កញ្ញា និង សាធារណជន ចូលរួមក្នុងការបញ្ជូនសាររួមគ្នា   ក្នុងគោលបំណងរួម គឺដើម្បីបង្ហាញពីកម្លាំងសាមគ្គីរបស់ខ្មែរ ក្នុងគ្រាអាសន្នជាជាង ការស្តីបន្ទោស ឬ ឆ្លៀតឱកាសផ្សេងៗ ដោយអនុវត្តងាយៗតាម ការរៀបរាប់ខាងក្រោម៖ 


ខ្លឹមសារ

សូមឆ្លើយនឹងសំណួរ


“តើគ្រួសារខ្មែរ គួរធ្វើយ៉ាងណាដើម្បីឆ្លងផុតគ្រាលំបាក និងឧបសគ្គនានា?“


(ឧទាហរណ៍៖ ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩)

ព្រះតេជគុណ លោក លោកស្រី អាចឆ្លើយតបនឹងសំណួរខាងលើ ដោយស្ថិតក្នុងរង្វង់ នៃខ្លឹមសារទាំងបីខាងក្រោមគឺ៖ 

ការរួបរួមគ្នា−Togetherness

  ការលើកទឹកចិត្តឲ្យមានការរួបរួម សាមគ្គីគ្នាក្នុងគ្រាលំបាក

ការចេះខ្វល់ខ្វាយពីគ្នា − Care

  បង្ហាញពីការយកចិត្តទុកដាក់ ថែរក្សាគ្នានិង ចេះទំនុកបម្រុង​ ឬការចែករំលែកឲ្យគ្នាទៅវិញទៅមក

រក្សាភាពរឹងមាំ−Stay Strong

ជឿជាក់លើគ្នា ជឿជាក់លើប្រទេសជាតិរបស់ខ្លួន និងជឿថាយើងធ្វើបាន


ទម្រង់នៃការថត និងការផ្ញើ


How to film high quality selfie videos with your smart phone or ...
How To Take A Good Selfie VideoHOW TO SHOOT VLOGS, TIPS FOR BEGINNERS | Global

សូមថតវីដេអូខ្លួនឯងតាមទូរស័ព្ទ ឬ កាម៉េរ៉ា

សូមផ្ញើវីដេអូដែលបានថតរួចមកកាន់ក្រុមការងារតាមរយៈ បណ្តាញទំនាក់ទំនងផ្សេងៗដូចជា​Telegram ឬ Whatsapp ជាមួយលេខទូរស័ព្ទ៖


098 66 88 78 ឬ 010 362 390

ឬ ផ្ញើទៅកាន់ប្រអប់សារហ្វេសប៊ុក (Facebook Messenger) ផ្លូវការរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០។


វីដេអូ នីមួយៗនឹងត្រូវបានដាក់បញ្ចូលគ្នា អាស្រ័យតាម ខ្លឹមសារ និងអត្ថន័យដែលប្រទាក់ក្រឡាគ្នា ហើយវីដេអូដែលផលិតបាននឹងត្រូវបានយកទៅធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម ឬស្ថានីយ៍ទូរទស្សន៍ផ្សេងៗដើម្បីជាប្រយោជន៍រួមដល់សង្គមជាតិ​ និងប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ ព្រះតេជគុណ លោក លោកស្រី នាង កញ្ញា និងសាធារណជន ចូលរួមទាំងអស់គ្នាដើម្បីបង្ហាញការយកចិត្តទុកដាក់ ការ  ស្រលាញ់ និងសាមគ្គីភាពក្នុងនាមយើងជាខ្មែរតែមួយ។

សូមអរគុណ!

វិស្សមកាលមុនកាលកំណត់នេះ​ តើធ្វើដូចម្តេចដើម្បី​ ចូលរៀនតាមOnlineបាន?

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសវិធានការ​ ក្នុងការអនុវត្តវិស្សមកាលមុនកាលកំណត់ កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០២០​ ​​ ដោយបានណែនាំឲ្យ​ អាណាព្យាបាល​ និងសិស្សានុសិស្ស​ អនុវត្តការររៀនពីចម្ងាយតាមប្រព័ន្ធអេឡិកត្រូនិក (E-Learning) ក្នុងពេលឈប់សម្រាកនៅផ្ទះ។​ ​ខាងក្រោមនេះជា មធ្យោបាយក្នុងការចូលរៀនតាមOnline។

read more →

សិស្សថ្នាក់ទី៧ ទី៨ និងទី៩ អាចរៀនOnline តាម beep

Image may contain: text that says 'ក្រសួងអប់រំ យុវជន និងកីឡា MINISTRY OF EDUCATION, YOUTH YOUTH AND SPORT'

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្តីពីការសិក្សាបន្ថែមតាមប្រព័ន្ធអនឡាញ​ តាមរយៈកម្មវិធីសមមមូលអប់រំកម្រិតមូលដ្ឋានតាមអុីនធឺណេត។

សិស្សានុសិស្ស​ ថ្នាក់ទី៧ ទី​៨​ និងទី៩​ អាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះ ដូចខាងក្រោម៖

១៖ ចូលទៅកាន់តំណរ beep.moeys.gov.kh ដោយប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័រ។
២៖ ជ្រើសរើសមុខវិជ្ជាសិក្សា ក្នុងចំណោមមុខវិជ្ជាទាំង១១ដោយឥតគិតថ្លៃ។

ព្រឹត្តិការណ៍នានាទាំងអស់របស់ASEM13 គឺពាក់ព័ន្ធជាពិសេសដល់យុវជន

ព្រឹកនេះ ស.ស.យ.ក. បានចូលរួមក្នុងទិវា ASEM Day ដើម្បីឈ្វេងយល់ពីភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំជាច្រើនរូប រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក.​ និងសិស្ស និស្សិតជាច្រើនរូប។

ក្នុងពិធីបើកទិវានាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាដោយសង្កត់ធ្ងន់លើយុវជនថា “ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ពាក់ព័ន្ធទាំងអស់របស់ASEM គឺពាក់ព័ន្ធជាពិសេសដល់យុវជន។ យុវជនគឺជាអនាគតរបស់យើង៖ កាលណាយុវជនចាប់បានឱកាសនៃភាពជាដៃគូអាស៊ី-អ៊ឺរ៉ុប នេះកាន់តែឆាប់ នោះពួកគេនឹងបានត្រៀមខ្លួនកាន់តែប្រសើរដើម្បីធានាបាននូវអនាគតដ៏វែងឆ្ងាយរបស់ពួកគេដែលហួសព្រំដែនកម្ពុជាទៅទៀត។”​

ជាងនេះទៅទៀត ឯកឧត្តមបានឲ្យដឹងថា ប្រទេសដៃគូASEM គឺតំណាងឲ្យ ៦៥% នៃសេដ្ឋកិច្ចពិភពលោក ៦០% នៃប្រជាជនពិភពលោក ៥៥%នៃពាណិជ្ជកម្មពិភពលោក និង ៧៥%នៃទេសចរណ៍ពិភពលោក។ ដូច្នេះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នេះពិតជាមានសារៈសំខាន់ និងមានវិសាលភាពធំធេងសម្រាប់ទាំងកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។

សូមជម្រាបផងដែរថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ មិនមែនគ្រាន់តែរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនេះតែមួយនោះទេ។ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក៏នឹងរៀបចំព្រឹត្តិការណ៍អមផ្សេងៗជាច្រើន ពេញមួយឆ្នាំតែម្តង។ ព្រឹត្តិការណ៍ទាំងអស់នោះរួមមាន ៨ធំៗ នោះគឺ ១) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ២)វេទិការធុរកិច្ចនិងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ៣)កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប ៤)កិច្ចពិភាក្សាតុមូលអ្នកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប ៥)វេទិការការងារអាស៊ី-អឺរ៉ុប ៦)វេទិកាប្រជាជនអាស៊ី-អឺរ៉ុប ៧)មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប និង៨)វេទិការស្តីពីស្រ្តីក្នុងការរក្សាសន្តិភាព និងសន្តិសុខ។

ស.ស.យ.ក. សាទរទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដែលមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះប្រជាជាតិទាំងមូល ធ្វើឡើងដើម្បីជាការនឹក​ទៅដល់គុណូបការៈដូនតាជំនាន់មុន ដែលបានរក្សា និងបន្សល់ទុកនូវកេរមរតក ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់កូនចៅជំនាន់ក្រោយ។ ទិវានេះធ្វើឡើងក្នុងគោលបំណងក្រើនរំលឹកដល់ប្រជាជនកម្ពុជា ជាពិសេសយុវជនអ្នកបន្តវេនជំនាន់ក្រោយ ឲ្យចូលរួមស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ និងបន្តនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការថែរក្សា ការពារ ផ្សព្វផ្សាយ លើកស្ទួយ និងអភិរក្សវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៅព្រះរាជាណាចក្រកម្ពុជាឲ្យបាននៅស្ថិតសេ្ថរ ប្រកបដោយនិរន្តរភាព។

សហភាពសហព័ន្ធយុវជនកម្ពុជាមិនដែលភ្លេចឡើយ នូវកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមយុវជនកម្ពុជា ដែលតែងតែចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងគ្រប់កម្មវិធីលើកស្ទួយដល់វប្បធម៌ខ្មែរ ដូចជាព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ដែលជួយនាំយកនូវភាពអស្ចារ្យរបស់កម្ពុជា ទៅកាន់ពិភពលោក ធ្វើឲ្យឈ្មោះកម្ពុជាល្បីល្បាញជាថ្នាក់អន្តរជាតិ ហើយអ្វីដែលមិនអាចបំភ្លេចបាន គឺព្រឹត្តិការណ៍អង្គរ សង្រ្កាន្ត ដែលបានដក់ជាប់ក្នុងដួងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងនៅតែបន្តអនុវត្ត និងប្តេជ្ញារួមថែរក្សាកេរមរតកវប្បធម៌ប្រពៃណីខ្មែរឲ្យស្ថិតស្ថេរគង់វង្សតរៀងទៅ ហើយរួមចំណែកធ្វើអោយវិស័យវប្បធម៌រឹតតែមានភាពរីកលូតលាស់ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។