កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» គឺជាបំណងប្រាថ្នារួមគ្នារបស់ក្រសួងអប់រំ​ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្លាមៗបន្ទាប់ពីកម្មវិធីស្វ័យសិក្សា​ «MoEYS E-Learning» ត្រូវបានដាក់ដំណើរការនាព្រឹកថ្ងៃទី៧​ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ​ហ៊ុន ម៉ានី បានលើកឡើងក្នុងគេហទំព័រហ្វេសប៊ុកថា «កម្មវិធីស្វ័យសិក្សា​ «MoEYS E-Learning» គឺជាបំណងប្រាថ្នារួមគ្នា​របស់ក្រសួងអប់រំយុវជន និងកីឡា​ និងសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីខែឧសភា ឆ្នាំ២០២០។»

ក្នុងអត្ថបទដដែលនោះ លោកបានបង្ហាញក្តីសង្ឃឹមថា «កម្មវិធីនេះ នឹងបានជួយដល់ការសិក្សារបស់ប្អូន​ៗ ក្មួយៗក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ​ ដ្បិតថាទោះប្អូន​ៗ ក្មួយៗមិនបានរៀននៅក្នុងថ្នាក់ផ្ទាល់ក៏ពិតមែន តែប្អូនៗ និងក្មួយៗអាចយកកម្មវិធីនេះជាមូលដ្ឋានសម្រាប់ការសិក្សាក្នុងពេលបច្ចុប្បន្ន​។ ជាងនេះទៅទៀត ខ្ញុំក៏សង្ឃឹមផងដែរថា Appទូរស័ព្ទនេះ ក៏នឹងក្លាយទៅជាចំណុចផ្តើមមួយសម្រាប់សិស្សានុសិស្សទាំងអស់ ដើម្បីឈានឆ្ពោះទៅកាន់វិថីនៃអនាគតបច្ចេកវិទ្យា ក៏ដូចជាការមកដល់នៃបដិវត្តន៍ឧស្សាហកម្ម 4.0ផងដែរ។»

ក្នុងសេចក្តីថ្លែងការណ៍រួមរវាងក្រសួងអប់រំ យុវជន និងកីឡានិងសហភាពសហព័ន្ធយុវជនកម្ពុជាស្ដីពី​ «ការដាក់ដំណើការជាផ្លូវការកម្មវិធីស្វ័យសិក្សា MoEYS E-Learning » បានបង្ហាញថា គំនិតផ្តួចផ្តើមក្នុងការបង្កើតកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» បានកើតឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០    ក៏ដូចជាឆ្លើយតបទៅនឹងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងក្រោមកិច្ចសហការរួមគ្នារបស់ក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុន E-School Cambodia និងការគាំទ្រពីគណៈ  កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។  

កម្មវិធីស្វ័យសិក្សាដែលបានអភិវឌ្ឍឡើងតាមបែបឌីជីថល និងបច្ចេកវិទ្យានេះ នឹងផ្តល់ភាពងាយស្រួល រហ័ស និងចំណេញពេលវេលា ដល់សិស្សានុសិស្ស ក្នុងការចូលទៅប្រើប្រាស់ និងអាចទាញយកប្រយោជន៍ដ៏ច្រើនសម្បូរបែបផងដែរ។ កម្មវិធីនេះនឹងផ្តល់ជាជម្រើសមួយបន្ថែមទៀត ក្នុងការអនុវត្តទស្សនាទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” នៅកម្ពុជា ដែលសិស្សានុសិស្សនៅកម្រិតចំណេះទូទៅ អាចធ្វើស្វ័យសិក្សាបន្ថែមស្របតាមភាពចាំបាច់ និងជាឧបករណ៍អប់រំដ៏ប្រសើរមួយទៀតសម្រាប់ លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកអាណាព្យាបាល ក្នុងការជួយបង្រៀនកូននៅផ្ទះ ចង្អុលបង្ហាញ និងតម្រង់ទិសសិក្សាដល់កូនៗ និងសិស្សានុសិស្ស​ ឲ្យសិក្សាបំពេញបន្ថែម      រំលឹកមេរៀន ឬរៀនត្រៀមសម្រាប់មេរៀនណាមួយដែលចាំបាច់ នៅគ្រប់កម្រិត និងគ្រប់ភូមិសិក្សានៃការអប់រំចំណេះទូទៅ។

ឯកឧត្តម​ ហ៊ុន ម៉ានី ក៏បានបន្ថែមក្នុងសារដដែលដែរថា  «កម្មវិធីដែលដាក់ដំណើរការក្នុងថ្ងៃនេះ គ្រាន់តែជាសមិទ្ធផលមួយក្នុងចំណោមក្តីស្រមៃដទៃទៀត​ដែល សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាគណៈកម្មការទី៧ នៃរដ្ឋសភា មានជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយយើងនឹងបន្តធ្វើយ៉ាងណាសហការ និងកៀរគរលទ្ធភាពផ្សេងៗ ក៏ដូចជាលើកទឹកចិត្តដល់ក្រសួង​អប់រំ យុវជន និងកីឡា ក្នុងការរៀបចំកម្មវិធី និងផលិតបានជាសមិទ្ធផលដែលមានអត្ថប្រយោជន៍ដល់សិស្សានុសិស្ស​ ក៏ដូចជាយុវជនកម្ពុជារបស់យើង។»