ព្រឹត្តិការណ៍នានាទាំងអស់របស់ASEM13 គឺពាក់ព័ន្ធជាពិសេសដល់យុវជន

ព្រឹកនេះ ស.ស.យ.ក. បានចូលរួមក្នុងទិវា ASEM Day ដើម្បីឈ្វេងយល់ពីភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំជាច្រើនរូប រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក.​ និងសិស្ស និស្សិតជាច្រើនរូប។

ក្នុងពិធីបើកទិវានាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាដោយសង្កត់ធ្ងន់លើយុវជនថា “ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ពាក់ព័ន្ធទាំងអស់របស់ASEM គឺពាក់ព័ន្ធជាពិសេសដល់យុវជន។ យុវជនគឺជាអនាគតរបស់យើង៖ កាលណាយុវជនចាប់បានឱកាសនៃភាពជាដៃគូអាស៊ី-អ៊ឺរ៉ុប នេះកាន់តែឆាប់ នោះពួកគេនឹងបានត្រៀមខ្លួនកាន់តែប្រសើរដើម្បីធានាបាននូវអនាគតដ៏វែងឆ្ងាយរបស់ពួកគេដែលហួសព្រំដែនកម្ពុជាទៅទៀត។”​

ជាងនេះទៅទៀត ឯកឧត្តមបានឲ្យដឹងថា ប្រទេសដៃគូASEM គឺតំណាងឲ្យ ៦៥% នៃសេដ្ឋកិច្ចពិភពលោក ៦០% នៃប្រជាជនពិភពលោក ៥៥%នៃពាណិជ្ជកម្មពិភពលោក និង ៧៥%នៃទេសចរណ៍ពិភពលោក។ ដូច្នេះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នេះពិតជាមានសារៈសំខាន់ និងមានវិសាលភាពធំធេងសម្រាប់ទាំងកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។

សូមជម្រាបផងដែរថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ មិនមែនគ្រាន់តែរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនេះតែមួយនោះទេ។ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក៏នឹងរៀបចំព្រឹត្តិការណ៍អមផ្សេងៗជាច្រើន ពេញមួយឆ្នាំតែម្តង។ ព្រឹត្តិការណ៍ទាំងអស់នោះរួមមាន ៨ធំៗ នោះគឺ ១) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ២)វេទិការធុរកិច្ចនិងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ៣)កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប ៤)កិច្ចពិភាក្សាតុមូលអ្នកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប ៥)វេទិការការងារអាស៊ី-អឺរ៉ុប ៦)វេទិកាប្រជាជនអាស៊ី-អឺរ៉ុប ៧)មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប និង៨)វេទិការស្តីពីស្រ្តីក្នុងការរក្សាសន្តិភាព និងសន្តិសុខ។