កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» គិតគូរជាអាទិភាពក្នុងភាពជាខ្មែរ សម្រាប់អនាគតកូនខ្មែរ

ក្រសួងអប់រំ យុវជន និងកីឡា និង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនសិស្សានុសិស្ស អ្នកសារព័ត៌មាន និងសាធារណជនមេត្តាជ្រាបថា​ ក្រសួងអប់រំ យុវជន និងកីឡា និង សហភាពសហព័ន្ធយុវជនកម្ពុជា សហការដាក់ដំណើរការកម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា កម្មវិធីស្វ័យសិក្សា «MoEYS E-Learning » ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ តទៅ។

កម្មវិធីស្វ័យសិក្សា «MoEYS E-Learning » ដែលបានប្រសូតចេញពីគំនិតផ្តួចផ្តើម និងកិច្ចសហការរវាងស្ថាប័នទាំងពីរនេះផ្តល់ការគាំទ្រដល់ដំណើរការអប់រំតាមបែប «ស្វ័យសិក្សា»​ សម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា​ និងគ្រប់កម្រិតសិក្សា​ទៅតាមពេលវេលា និងទីកន្លែងដែលសមប្រកប។​ លើសពីនេះ សិស្សានុសិស្សអាចទទួលបានព័ត៌មានសំខាន់ៗ និងកម្រងសៀវភៅសិក្សាចំាបាច់​សម្រាប់កម្មវិធីសិក្សាចំណេះទូទៅ។​ មាតិកាឌីជីថល ដែលមានដាក់បង្ហាញក្នុងកម្មវិធីនេះ ​បានកើតចេញពីការខិតខំប្រឹងប្រែង និងមនសិការវិជ្ជា របស់លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេស​ជាមួយពេលវេលា និងធនធាននៃលទ្ធភាពដែលកំពុងមាន។

សាវតានៃការអភិវឌ្ឍកម្មវិធីទូរស័ព្ទស្វ័យសិក្សា «MoEYS E-Learning»

កន្លងមកក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គឺជាដៃគូយ៉ាងស្អិតរមួត លើវិស័យអប់រំ​ និងបណ្តុះបណ្តាលសមត្ថភាព​ បំណិនជីវិត ​គំនិតច្នៃប្រឌិត ស្មារតី មនសិការជាតិរបស់យុវជន ជាពិសេសក្នុងដំណើរការកំណែទម្រង់វិស័យអប់រំ​នៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៤មក ដូចជា​ការរៀបចំវគ្គបំប៉នថ្នាក់ទី១២ ដើម្បីពង្រឹងសមត្ថភាពការត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ការចូលរួមសង្កេតការការប្រឡងបាក់ឌុប ការគាំទ្រលើកម្មវិធីអាហារូបករណ៍ក្នុង និងក្រៅប្រទេស ជាមួយកិច្ចសហការដទៃទៀត។ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩​ ដៃគូសហការទាំងពីរបានបន្តសកម្មភាពក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងសម្របសម្រួលដំណើរការផ្សេងៗសម្រាប់ការអប់រំ​ពីចម្ងាយ ហើយជាចុងក្រោយនេះគឺការតម្លើងកម្មវិធីទូរស័ព្ទ MoEYS E-Learning App។

តាមរយៈកិច្ចសហប្រត្តិបត្តិការជាបន្តបន្ទាប់ នាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជំនួបរវាង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និង ឯកឧត្ដម ហ៊ុន ម៉ានី នៅទីស្ដីការក្រសួងអប់រំ យុវជន​ និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីសំណើក្នុងការបង្កើតនូវកម្មវិធីសិក្សាពីចម្ងាយមួយ សម្រាប់ផ្ទុកទិន្នន័យជាវីដេអូបង្រៀនចំណេះដឹងទូទៅរបស់លោកគ្រូ អ្នកគ្រូ​ នៅទូទាំងប្រទេសដែលបានថត និងផ្សព្វផ្សាយកន្លងមក។ តាមរយៈស្មារតីនៃកិច្ចប្រជុំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមគំនិត​ បង្កើតកម្មវិធីស្វ័យសិក្សា ឬ ជា E-Learning App ដោយក្រុមការងារបច្ចេកទេស បានជួបប្រជុំច្រើនលើក ដោយបានពិភាក្សាផ្ដោតលើ ធ្វើការរចនា ការសរសេរកូដ លំហូរកម្មវិធី និងដោះស្រាយ រាល់បញ្ហា ដែលបានជួបប្រទះក្នុងការបង្កើតកម្មវិធីនេះ​ អស់រយៈពេលជិតមួយឆ្នាំរហូតទទួលបានសមិទ្ធផលមួយនៅថ្ងៃនេះ។

ស្របតាមផែនការយុទ្ធសាស្រ្ដវិស័យអប់រំឆ្នាំ ២០១៩-២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុមាតុភូមិឆ្នាំ ២០១៨-២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជា      ការបង្កើតកម្មវិធីស្វ័យសិក្សា​ «MoEYS E-Learning»  គឺជាសមិទ្ធផលថ្មីមួយ ដែលកើតចេញពីកិច្ចសហការប្រកបដោយមោទកភាពរបស់គ្រប់បណ្តាស្ថាប័នពាក់ព័ន្ធ  និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស ព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមរៀបចំជាវីដេអូបង្រៀន ដោយឈរលើស្មារតីទទួលខុសត្រូវរួមគ្នា     ក្នុងគោលបំណងបន្តធានាការផ្តល់សេវាអប់រំប្រកបដោយប្រសិទ្ធភាព និងគុណភាព ដើម្បីអនាគតរបស់កុមារ និងយុវជនកម្ពុជា ដែលជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ និងជាអ្នកបន្តវេននៅពេលអនាគត ឆ្ពោះទៅជំរុញវឌ្ឍនភាពសង្គមលើគ្រប់វិស័យ និងឆ្ពោះទៅការសម្រេចឲ្យបាននូវចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៥០។ ជាងនេះទៅទៀត គំនិតផ្តួចផ្តើមក្នុងការបង្កើតកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» បានកើតឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០    ក៏ដូចជាឆ្លើយតបទៅនឹងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងជាផ្នែកមួយនៃការចូលរួមក្នុងវិស័យអប់រំក្នុងបរិបទថ្មី​ ដែលអាចនាំមកនូវការពង្រឹងសមត្ថភាពសិស្សានុសិស្ស និងយុវជនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថល។​

https://www.youtube.com/watch?v=mZPP9-IHJOM

លក្ខណៈសម្បត្តិនៃកម្មវិធីស្វ័យសិក្សា «MoEYS E-Learning»

ពាក្យថា E-Learning ​គឺជាប្រព័ន្ធនៃការអប់រំ​មួយបែបដែលមាន មូលដ្ឋានចេញពីការអប់រំផ្លូវការ​ហើយដោយប្រើប្រាស់ធនធានអេឡិកត្រូនិកជាជំនួយ ​ដែលមានកម្មវិធីសិក្សា​ មេរៀន វិធីសាស្ត្របង្រៀន និងរង្វាយតម្លៃសមត្ថភាពសិស្ស និងលទ្ធផលនៃការសិក្សាដោយនិយាមច្បាស់លាស់។ ការអប់រំតាមប្រព័ន្ធ​E-Learning  អាចរៀបចំនៅក្នុងថ្នាក់​ ឬក្រៅថ្នាក់ហើយភាគច្រើនគឺប្រើប្រាស់កុំព្យូទ័រ ដែលគ្រប់គ្រងដោយប្រព័ន្ធគ្រប់គ្រងការសិក្សាអេឡិកត្រូនិក។ ក្នុងន័យនេះ កម្មវិធី​ MoEYS E-Learning App គឺកម្មវិធីដែលប្រមូលផ្តុំទៅដោយវីដេអូសិក្សាពីថ្នាក់ទី១​ ដល់ថ្នាក់ទី១២​​ អមជាមួយការបញ្ចូលសៀវភៅសិក្សា​ (ចំណេះដឹងទូទៅ​ រឿងនិទាន ភាសាបរទេស) ព្រមទាំងមានលំហាត់សម្រាប់ការអនុវត្ត​ក៏ដូចជាព័ត៌មានអប់រំផ្សេងៗ។​ មុខងារពិសេសៗបន្ថែមនៃកម្មវិធីមានដូចជា​៖ (១) Download៖ វីដេអូសិក្សា និងសៀវភៅ អាចទាញយកមកប្រើប្រាស់​ពេលមិនមានអ៊ីធឺណិត​ (Offline) ដើម្បីដោះស្រាយបញ្ហាកង្វះខាតអ៊ីនធឺណិត (២) Multi-User៖ អ្នកប្រើប្រាស់អាចប្រើ ៥គណនីផ្សេងគ្នា លើទូរស័ព្ទតែមួយ (Switch User Method) ដើម្បីដោះស្រាយបញ្ហាកង្វះខាតទូរស័ព្ទ (៣) Reminder៖ គឺការកំណត់តារាងកាលវិភាគសិក្សាផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្ត និងដាស់តឿនសិស្សក្នុងការរៀនសូត្រតាមរយៈPush Notification (៤)  Graph សិក្សា៖ មុខងារនេះប្រាប់ពីចំនួនម៉ោងប្រើប្រាស់កម្មវិធី ភាគរយសិក្សាតាមមុខវិជ្ជា មេរៀន និងលទ្ធផលលំហាត់ ដើម្បីមាតាបិតា និងសិស្សខ្លួនឯងផ្ទាល់តាមដាន ការសិក្សា និងអភិវឌ្ឍការសិក្សារបស់សិស្ស (៥) ឯកសារមេរៀន៖ ជាជំនួយដល់សិស្សក្នុងការសិក្សា និងអាច Download ទុកបាន (៦) Ownership: សិស្សអាចដាក់ឈ្មោះ និងរូប របស់ខ្លួននៅក្នុងកម្មវិធី (៧) កម្មវិធីនេះជា Platform មួយនៃបណ្តុំវីដេអូសិក្សា សៀវភៅសិក្សា ការតេស្ដសមត្ថភាព និងព័ត៌មានថ្មីៗស្ដីពីការអប់រំ (៨) វេទិកាសំណួរ​ ចម្លើយនៅក្រោមវីដេអូ (៩) រាល់ការរចនាទាំងអស់គឺថ្មីទាំងស្រុងដោយមិនមានការលួចចំលង (Original Artwork) (១០) មុខងារ History និង Bookmark។

ការទាញយកកម្មវិធី

សិស្សានុសិស្សអាចទាញយកកម្មវិធីនេះដោយចូលទៅកាន់​ PlayStore សម្រាប់ទូរស័ព្ទដំណើរការដោយប្រព័ន្ធAndriod និង AppStore សម្រាប់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ iOS ហើយវាយពាក្យថា «MoEYS​»  រួចទាញយក ​បន្ទាប់មកចុះឈ្មោះចូលប្រើប្រាស់កម្មវិធីតាមការណែនាំ ឬតាមតំណដែលបានភ្ជាប់ជូនដូចខាងក្រោម៖ ​

Play Store
https://play.google.com/store/apps/details?id=gov.ministryedu.moeysapp&fbclid=IwAR1so-s6lzutgiHggatu3KLQD7QyPr6Xkayiqe0V7EkX0SxsZerds2qpA5o

App Store
https://apps.apple.com/us/app/moeys/id1551279703

App Gallery
https://appgallery.huawei.com/#/app/C103930315

កម្មវិធីទូរសព្ទដែលត្រូវបានដាក់សម្រាប់ការប្រើប្រាស់នេះ​ ត្រូវបានធ្វើការសាកល្បងគ្រប់ជ្រុងជ្រោយធ្វើយ៉ាងណាសំដៅដល់ការផ្តល់ជូនភាពងាយស្រួល (User Friendly Interface) ក៏ដូចជាមានប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់។ ការអភិវឌ្ឍកម្មវិធីទូរសព្ទនេះក៏ត្រូវបានយកចិត្តទុកដាក់ជាចម្បងសម្រាប់អ្នកប្រើប្រាស់ដូចជា​៖ ការគិតគូរ លើបញ្ហាខ្វះខាតអ៊ីនធឺណិត ការគិតគូរលើកង្វះខាតឧបករណ៍ ការគិតគូរលើការតាមដានការសិក្សា ការគិតគូរលើការរចនាច្នៃប្រឌិតផ្សេងៗក្នុងភាពជាខ្មែរ និងជាពិសេសជាការតម្លើងដោយស្នាដៃខ្មែរ១០០% ។

កម្មវិធីស្វ័យសិក្សានេះនឹងផ្តល់ជាជម្រើសមួយបន្ថែមទៀត ក្នុងការអនុវត្តទស្សនាទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” នៅកម្ពុជា ដែលសិស្សានុសិស្សនៅកម្រិតចំណេះទូទៅ អាចធ្វើស្វ័យសិក្សាបន្ថែមស្របតាមភាពចាំបាច់ និងជាឧបករណ៍អប់រំដ៏ប្រសើរមួយទៀតសម្រាប់ លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកអាណាព្យាបាល ក្នុងការជួយបង្រៀនកូននៅផ្ទះ ចង្អុលបង្ហាញ និងតម្រង់ទិសសិក្សាដល់កូនៗ និងសិស្សានុសិស្ស​ ឲ្យសិក្សាបំពេញបន្ថែម      រំលឹកមេរៀន ឬរៀនត្រៀមសម្រាប់មេរៀនណាមួយដែលចាំបាច់ នៅគ្រប់កម្រិត និងគ្រប់ភូមិសិក្សានៃការអប់រំចំណេះទូទៅ។​ ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សូមលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការរក្សា​ និងបន្តដំណើរការរៀនតាមរយៈការស្វ័យសិក្សា ព្រមទាំងប្រើប្រាស់មុខងារទាំងឡាយដែលមានក្នុងកម្មវិធីនេះឲ្យអស់លទ្ធភាព ក្នុងបរិស្ថាន និងបរិយាកាសដែលមានសុវត្ថិភាព។ កម្មវិធីស្វ័យសិក្សានេះនឹងត្រូវបានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ជាមួយមេរៀន ឬវីដេអូសិក្សា ព្រមទាំងមាតិកាឌីជីថលសម្បូរបែប ហើយមានអត្ថប្រយោជន៍ដើម្បីគាំទ្រដល់ការសិក្សារបស់ប្អូនៗឲ្យកាន់តែប្រសើរក្នុងដំណើរឆ្ពោះទៅអនាគតកម្ពុជាដ៏ស្វាហាប់។

សូមជម្រាបផងដែរថា​ កម្មវិធីទូរសព្ទសម្រាប់ការស្វ័យសិក្សានេះ ត្រូវបានចូលរួមអភិវឌ្ឍដោយ E-School Cambodia និងទទួលបានការគាំទ្រជាស្មារតីដោយ គណៈកម្មការ អប់រំ យុវជន ​កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ។​ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងអ្នកចូលរួមអភិវឌ្ឍកម្មវិធីទាំងអស់សង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីស្វ័យសិក្សានេះ តាមលទ្ធភាព ហើយប្រើប្រាស់កម្មវិធីនេះប្រកបដោយប្រសិទ្ធភាព៕