ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក. ចាប់ផ្តើមបេសកកម្មថ្ងៃដំបូង និងទ្រង់ទ្រាយធំ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក. បានចាប់ផ្តើមបេសកកម្ម ថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (SINOVAC) ទ្រង់ទ្រាយធំ តាមបណ្តាក្រសួង និងស្ថាប័ន​ថ្នាក់ជាតិ

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្នុងស្មារតីនៃការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយ​រាជរដ្ឋាភិបាល ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) បានចាប់ផ្តើមបេសកកម្មចាក់វ៉ាក់សាំងកូវីដ១៩ជូនដល់ប្រជាពលរដ្ឋ ស្របតាម​ការ​កំណត់​រ​បស់​គណៈកម្មការ​​​ចំពោះ​កិច្ចចាក់វ៉ាក់​សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំង​​ប្រទេស។

ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ គឺជាបេសកកម្មក៏មានសារៈសំខាន់បំផុត សម្រាប់ ស.ស.យ.ក. ​ ក្នុងការបម្រើ​ប្រជាពលរដ្ឋ​ បន្ថែមលើកិច្ចការងារកន្លងមកដែលបានបំពេញក្នុង​បុព្វហេតុ ជាតិ មាតុភូមិ។ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ស.ស.យ.ក. ចាត់ទុកថា បេសកកម្មនេះ គឺជាការចូលរួមលះបង់មិនអាចកាត់ថ្លៃ​បាននូវសេចក្តី​សុខ​សុភមង្គល​ផ្ទាល់​ខ្លួន​ដើម្បី​សង្គម​ជាតិ និងការស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ក្នុងគោលដៅការពា​រ​ឱ្យបាននូវអាយុ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា។​

ក្នុងនាមថ្នាក់ដឹកនាំ និងជាសមាជិកមួយរូបនៃក្រុមគ្រួសារ ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញ​នូវ​មោទនភាពចំពោះការចូលរួមរបស់សមាជិក សមាជិកាទាំងអស់ ដោយមានប្រសាសន៍​លើក​ឡើង​ថា៖

«ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវការយើងបំផុត ក្រុមគ្រួសារ ស.ស.យ.ក. តាមរយៈសមាជិក សមាជិកាទាំងអស់គ្នា បានក្លាយជាទ័ពអាវផ្ទៃមេឃដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំង​ការរីករាលដាល​ជំងឺកូវីដ១៩ នៅកម្ពុជា»។

ទន្ទឹមនឹងការកោតសរសើរ និងថ្លែងអំណរគុណចំពោះការចូលរួម ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹ​កចិត្ត​ឱ្យសមាជិក សមាជិកាទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ ប្រកបដោយទំនួលខុសត្រូវ និងភាពប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុង​ការការពារខ្លួនឱ្យចៀសឆ្ងាយ​ពីជំងឺ​នានាជាពិសេសជំងឺកូវីដ១៩  ដើម្បីធ្វើ​យ៉ាងណា​រួមគ្នាបំពេញបេសកកម្មចាក់វ៉ាក់សាំងនេះ ឱ្យបានជោគជ័យ ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គម​ជាតិ។

គួររម្លឹកដែរថា កន្លង​មក​ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តារាជធានីខេត្ត បានចូលរួមយ៉ាងសកម្ម​ តាមរយៈ​ការ​អនុវត្ត​យុទ្ធនាការ​បញ្ជ្រាប​ការ​យល់​ដឹង​​ពី​គ្រោះថ្នាក់​​នៃជំងឺកូវីដ-១៩ ដល់​ប្រជាពលរដ្ឋ​ការគាំទ្រ​​ផ្នែក​ស្មារតី និងការឧបត្ថម្ភ​សម្ភារ​ចាំបាច់​ជាបន្តបន្ទាប់ ជាពិសេសការ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការបង្ការ និងទប់ស្កាត់​ការ​រីករាលដាល​ជំងឺកូវីដ-១៩ ក្នុង​មូលដ្ឋាន​​​​នីមួយៗ។  ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បាន និង​កំពុង​ចូលរួម​ក្នុង​បេសកកម្ម​ចាក់វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដឹកនាំ​ដោយ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់​សាំង​កូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំង​​ប្រទេស។