ស.ស.យ.ក សូមចូលរួម​ចំណែក​ជាមួយ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ក្នុងពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ ​ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមចំណែកជាមួយប្រជាជាតិកម្ពុជាទាំងមូលក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលទ្រង់បានយាងចូលព្រះទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ ព្រះ​វស្សា ដោយព្រះជរាពាធ។

សមា​ជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា​ទាំងអស់ សូម​សម្តែងនូវ​កតញ្ញុតាធម៌គោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ព្រះគុណូ​បការៈ​ដ៏​ឧត្តុង្គឧត្តមរបស់ព្រះអង្គ ដែលជានិច្ចជាកាលព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា និងបានបូជាអ្វីៗគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្រ្តជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ដើម្បីសេចក្ដីសុខសាន្ត និងភាពរុងរឿងរីកចម្រើននៃប្រជាជាតិកម្ពុជាទាំងមូល។

ទោះ ព្រះ​ករុណា “ព្រះបរមរតនកោដ្ឋ” បានឃ្លាតចាកទៅអស់រយៈពេល ៦ ឆ្នាំហើយក្ដី ប៉ុន្តែ ព្រះមហាវីរភាព និងព្រះមហាគំរូដ៏ឆ្នើម ព្រម​ទាំង​​​ទឹក​ព្រះទ័យ​​ដ៏ល្អ​ប្រពៃ ឧត្តុង្គ​ឧត្តម​ថ្លៃថ្លា​របស់ព្រះអង្គ ឋិតនៅដិតជាប់ជានិច្ចនៅក្នុងស្មារតី និងក្រអៅ​បេះដូងរបស់​ទូលព្រះបង្គំ​យើង​ខ្ញុំ​ជា​យុវជន​ទាំងអស់​គ្នា ហើយ​ពិត​ជានឹង​នៅស្ថិត​ស្ថេរ​គង់វង្ស​ជារៀង​ដរាបរៀង​ទៅ។