ទស្សនកិច្ច​លើកដំបូង​របស់ គណៈប្រតិភូ​ជាន់ខ្ពស់នៃ​សហព័ន្ធយុវជន​ទូទាំងប្រទេសចិន ( ACYF) នៅកម្ពុជា

នាព្រឹកថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចលើកដំបូងរបស់ គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធយុវជនទូទាំងប្រទេសចិន ( ACYF) ដឹកនាំដោយឯកឧត្តម He Junke មក​កាន់​ប្រទេស​កម្ពុជា។ ជំនួប​រវាងប្រធាន​យុវជន​នៃប្រទេស​ទាំងពីរ គឺ​ដើម្បីស្វែង​យល់ពីគ្នាបន្ថែមលើសក្តានុពលយុវជន និងរួមគ្នា​ពិភាក្សា សិក្សា​ពីឱកាស​នៃកិច្ច​សហការ​នានា ដែលផ្តល់​ប្រយោជន៍ដល់ធនធានមនុស្សនៃប្រទេសទាំងពីរ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា តាមរយៈភាពជាដៃគូល្អ មិត្តភក្តិល្អ និងអ្នកជិតខាងល្អរវាងស្ថាប័នយុវជនទាំងពីរ ក៍ដូចជា​ប្រទេស​ទាំងពីរ ​កិច្ចសហប្រតិបត្តិការ​ជាបន្តបន្ទាប់​នឹងត្រូវ​បានសិក្សា និងរៀបចំឡើងដើម្បីជាវេទិកា​ផ្សាភ្ជាប់យុវជន​នៃប្រទេស​កម្ពុជា-ចិន ជាពិសេស​ជំរុញ​បន្ថែមនូវ​ការផ្លាស់​ប្តូរបទពិសោធន៍ មិនថា​លើវិស័យ អប់រំ វប្បធម៌ សេដ្ឋកិច្ច និងសហគ្រិនភាព។