តបកា​រអ​ញ្ជើញ​របស់​សមាគម​ប្រជាជន នៃ​សាធារណរដ្ឋសិង្ហបុរី កម្ពុជា​មាន​កិត្តិយស​ជា​ថ្មី​ក្នុង​ការ​ចូល​រួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី ថ្ងៃទី១៥ ដល់១៦ ខែកុម្ភៈ នៅទីតាំង F1 Pit Building សាធារណរដ្ឋ​សិង្ហបុរី។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មាន​សេចក្តី​សោមនស្ស​យ៉ាង​ក្រៃលែង ក្នុង​បេសកកម្ម​ដឹកនាំ​ប្រតិភូ សិល្បករ សិល្បការិនី ទៅ​ចូល​រួម​សម្តែង និង​ការ​នាំ​យក​វប្បធម៌​សិល្បៈ​ដ៏ប្រពៃ និង​​​វិសេស​ដែល​ជា​មោទនភាព​ជាតិ ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈីងហ្គេ ឆ្នាំ២០១៩ ខាង​មុខ​នេះ។

អ្វីទៅជា «ក្បួនដង្ហែ ឈីងហ្គេ»? 

ក្បួនដង្ហែ ឈីងហ្គេ គឺជាក្បួនព្យុហយាត្រា សិល្បៈសម្តែងដ៏ធំមួយ​នៅអាស៊ី ដែល​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដោយ​សមាគម​ប្រជាជន នៃ​សាធារណរដ្ឋសិង្ហបុរី។ កម្មវិធី​នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​អតីត នាយក​រដ្ឋមន្ត្រី លី ក្វាន់យូ  ក្នុង​គោល​បំណង​​បង្ហាញ​ពីភាព​អស្ចារ្យ ភាព​ស្រស់​បំព្រង និង​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ចម្រុះ។ ក្នុង​ក្បួន​ព្យុហយាត្រានេះ គឺមានការ​ចូល​រួម​សម្តែង​ដោយ​ក្រុម​សិល្បៈ​ជាតិ​ប្រមាណ ១៥០ ស្ថាប័ន និង​រួម​បញ្ចូល​ជាមួយ បណ្តា​សិល្បករ សិល្បការិនី មក​ពី​ជុំវិញ​ពិភព​លោក សរុប​ទាំង​អស់​ប្រមាណ​ជិត ១០០០០ នាក់ រួម​គ្នា​បង្ហាញ​ពី​សិល្បៈ​វប្បធម៌​នៃ​ជាតិ​សាសន៍​រៀងៗខ្លួន។

​ហេតុអ្វីបានជាកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ? 

ក្បួនដង្ហែ ឈីងហ្គេ គឺមានការចូលរួម​ពី​បណ្តា​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក ដែល​អាច​ទាក់ទាញ​វិសាល​ភាព​ផ្សព្វ​ផ្សាយ​បាន​ទូលំទូលាយ​ទៅ​កាន់​មហាជន រាប់​រយ​លាន​នាក់ តាម​រយៈការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ល្បីៗ​ជាច្រើន។ 

ការ​ចូលរួម​របស់​កម្ពុជា គឺ​ជា​ការ​ចាប់​យក​ឱកាស​បង្ហាញ​ពី វប្បធម៌​ដ៏ប្រពៃ និង​វិសេស​របស់​ខ្មែរ​ទៅ​​​​​​កាន់​ពិភព​លោក​តាម​រយៈ​ការ​សម្តែង​របស់​សិល្បករ  សិល្បការិនី កម្ពុជា​ក្នុង​ក្បួន​ដង្ហែ​ឈីងហ្គេ។ ជាមួយគ្នា​​​​​​​នោះ​ដែរ យើង​នឹង​បង្ហាញ​ពី​កំលាំង​សាមគ្គីភាព និង​​​​​​​​​សក្តានុពល​​របស់​កម្ពុជា​នាពេលអនាគត តាម​រយៈ​ការ​រួបរួម​គ្នា​របស់​យុវជន​ខ្មែរ​ផង​ដែរ។

ការចូលរួមរបស់ប្រតិភូកម្ពុជា ដឹកនាំដោយ ស.ស.យ.ក. ក្នុងក្បួនដង្ហែ ឈីងហ្គេ

ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជន សាធារណរដ្ឋសិង្ហបុរី   គណៈប្រតិភូកម្ពុជា រួមទាំងក្រុមសិល្បករ និងសិល្បការិនី សរុប​ចំនួន ៧៤រូប ដឹកនាំ​ដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​​​​យុវជន​កម្ពុជា បានអញ្ជើញទៅចូលរួម និងសម្តែងក្នុងព្រឹត្តិការណ៍ ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៧  ដែល​បាន​ប្រារព្ធ​ឡើង​កាល​ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០១៧ នា​ពេល​កន្លង​ទៅនេះ នៅ​សាធារណរដ្ឋសិង្ហបុរី។ នា​ពេលនោះ កម្ពុជា​បាន​នាំ​នូវ​យក​ទស្សនីយភាព​សិល្បៈ​ខ្មែរ​ក្រោម​ប្រធានបទ៖ «សុខដុមក្នុង​ភាព​ចម្រុះ​នៃ​វប្បធម៌ (Unity in Cultural Diversity)» ដែលរួម​បញ្ចូល​នូវ​សិល្បៈ ៤ ទម្រង់​រួម​មាន របាំ​អប្សរា ក្បាច់គុណល្បុក្ក​តោ ល្ខោន​ស្រមោល​ស្បែក​ធំ និងកញ្ឆែ ទៅ​សម្តែង​ក្នុង​ក្បួន​ព្យុហយាត្រាសិល្បៈ​ដ៏​សម្បើមនោះ។

បើទោះ​ជា​មាន​ទម្រង់​សិល្បៈ​ច្រើន​ប្រភេទ​មក​ពីបណ្តា​ប្រទេស​នានា​ត្រូវ​បាន​យក​មក​សម្តែង​ក្នុងព្រឹត្តិការណ៍​ឈីងហ្គេ នា​ឆ្នាំ​នោះ​ក៏ដោយ ទម្រង់​សិល្បៈ​សម្តែង​កម្ពុជាមាន​ភាព​រស់​រវើក លេច​ធ្លោ​ជាង​គេ​បំផុត និង​បាន​ទាក់​ទាញ​អោយ​មាន​ការ​ផ្សព្វ​ផ្សាយ​ពី​បណ្តាសារព័ត៌មាន​បរទេស​ល្បី​ជាច្រើន។

តើក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០១៩ នឹងប្រារព្ធឡើងនៅថ្ងៃណា?តើកម្ពុជា នឹង​ពាំ​​​​នាំ​អ្វី​ទៅ​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បួន​​​​​​​ដង្ហែ​ចម្រុះ​ជាតិ​សាសន៍​នេះ?

ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈីង​ហ្គេ ឆ្នាំ​២០១៩   នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៥-១៦ ខែ​កុម្ភៈ នៅ​សាធារណរដ្ឋ សិង្ហ​បុរី ក្រោម​ប្រធាន​បទ៖​ «DREAM FUNTASIA»។ 

សម្រាប់​​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈីងហ្គេ ឆ្នាំ​២០១៩ នេះ កម្ពុជា​មាន​កិត្តិយស​នឹង​នាំ​​យក​នូវ​ទស្សនីយភាព សិល្បៈ​ប្រពៃណី និងរបាំ​សហ​សម័យ ចំនួន​៥ទម្រង់ រួម​បញ្ចូល​គ្នា​ក្រោមប្រធាន​បទ៖​ ភាព​សុខដុម(HARMONY)​ ដែល​នឹង​បង្ហាញ​នូវ​ភាព​សុខ​ដុម​របស់​ជាតិ​សាសន៍ ប្រជា​ជាតិ​ខ្មែរ តាម​រយៈ​ការ​រួប​រួម​គ្នា ការពារ​ស្នាដៃ​ដូនតា និង​កសាងសមិទ្ធផល​នានា​បន្ថែម​ ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល។ សិល្បៈ ៥ ទម្រង់ ដែលនឹងត្រូវយកទៅសម្តែងរួមមាន៖

(១) របាំម្ករ៖ គឺជារបាំដ៏ពិសិដ្ឋអស្ចារ្យ ដែល​បង្កើត​ឡើង​ដើម្បី​ជា​និមិត្តរូប​នៃ​ភាព​ត្រជាក់ត្រជំ និងជ័យជំនះរបស់​កង​ទ័ព​ជើង​ទឹក​ខ្មែរ​អំឡុង​សម័យអង្គរ។  ម្ករ​ជា​ប្រភេទសត្វ​ត្រីម្យ៉ាង មាន​ដង​ខ្លួន​ដូចជានាគ ដែល​នៅក្នុង​ជំនឿ​ខ្មែរចាត់​ទុក​អំបូរនាគ​​​​​​ជា​​​កំណើត​ដូនតាខ្មែរ។

(២) ឈុតព្រះថោងនាងនាគ៖  ​គឺជា​និមិត្តរូប​នៃ​ការ​កសាង​វង្ស​ត្រកូល និង​​​​​​ប្រទេសជាតិ​​ខ្មែរ ដោយ​ការ​ផ្សារ​ភ្ជាប់គ្នា​រវាង មនុស្សជាតិ ជាតិសាសន៍ ការ​អនុវត្ត​នយោបាយ​ដឹកនាំ​ប្រទេស និង​ជំនឿ​សាសនា​ដែល​នាំ​ឱ្យ​មា​ន​ការរស់​នៅជុំ​គ្នា ប្រកប​ដោយ​ភាព​សុខដុម ក្សេម​ក្សាន្ដ សុខ​សន្ដិភាព និង​ភាព​សម្បូរ​សប្បាយ។

(៣) ឈុត​កូរ​សមុទ្រ​ទឹកដោះ៖  គឺ​បង្ហាញ​ពី​ការ​រួម​គ្នា សហការគ្នា ចូល​រួមយ៉ាង​សស្រាក់​​សស្រាំ និងស្មើភាព​គ្នា​រវាង ទេវ​តា និងអសុរា ដើម្បី​ទទួល​បាន​នូវ​​​​​សមិទ្ធផល​ដែល​បម្រើ​ដល់​ផល​ប្រយោជន៍រួម។

(៤) របាំក្រមា និងក្បាច់​ក្រមា​នៃគុណល្បុក្កតោ ៖  បង្ហាញ​ពីការ​អត់ធ្មត់ ខិតខំ​ប្រឹង​ប្រែង និង​រួប​រួម​គ្នាជា​ធ្លុង​មួយ ស្រ​ប​ជាមួយ​នឹង​ភាព​រឹងមាំ និង​ម៉ឺង​ម៉ាត់​នៃ​គុណ​ល្បុក្កតោ។

(៥) ក្បាច់​ផ្ការំដួល៖ ផ្ការំដួល គឺជា​ផ្កា​អត្តសញ្ញាណ​ជាតិខ្មែរ។ ចាប់​តាំង​ពី​សម័យ​បុរាណ​​កាលមក​ស្រ្តី​ខ្មែរត្រូវ​បាន​គេ​ប្រៀប​ប្រដូច​ទៅ​នឹង​ផ្កា​រំដួល ព្រោះ​ផ្កា​រំដួល​មាន​ក្លិន​ក្រអូប​ឈ្ងុយឈ្ងប់ ហើយ​សាយ​ក្លិន​ក្រអូប​សាយ​បាន ឆ្ងាយ​តាម​កម្លាំង​ខ្យល់​បក់។ ដូច​នេះ របាំ​ផ្កា​រំដួល នឹង​បង្ហាញ​ពីភាព​ស្រស់​ត្រកាល និង​ការ​រីក​លូត​លាស់​ដ៏​វិសេស​វិសាល​នៃ​​​ជាតិ​សាសន៍​ខ្មែរ ដែល​ល្បី​រន្ទឺ​ដល់​ពិភព​លោក តាម​រ​យៈ​យុវជន​ខ្មែរ និង​​​​ប្រជាជន​ខ្មែរ​គ្រប់​ៗ​រូប។ 

តើអ្វីជាការរំពឹងទុករបស់កម្ពុជាក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ២០១៩?

អ្វីដែល​ជា​ការរំពឹង​ទុក​របស់​យើង​នោះ​​គឺ (១)ក្រៅ​​​​ពី​ការ​សម្តែង​សិល្បៈវ​ប្បធម៌​ខ្មែរ លើ​ឆាក​អន្តរជាតិក្នុង​ព្រឹត្តិការណ៍​ឈីងហ្គេ កម្ពុជា​ចង់​បង្ហាញ​ពី​ការ​ចូល​រួម​យ៉ាង​សកម្មរបស់​យុវជន​ខ្មែរ ក្នុង​ការ​រួប​រួម​គ្នា​ថែរក្សា​វប្បធម៌ អរិយធម៌ខ្មែរ ដែល​ដូនតា​បន្សល់​ទុក ក៏​ដូចជា​ការ​ចូល​រួម​ជំរុ​ញ​ផ្សព្វ​ផ្សាយ​តាម​លទ្ធភាព​ផ្សេងៗ​ដែល​អាច​​​​​ធ្វើ​បាន។​ (២) យើង​​ក៏​សង្ឃឹម​ថា​គណៈប្រតិភូ សិល្បករ សិល្បការិនី ទាំង​អស់ នឹង​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​ក្នុង​នាម​ជា​តំណាង​យុវជន​កម្ពុជា ដែល​ពោរពេញ​ដោយសមត្ថភាព និង​ជា​​អ្នក​​​​​​​​បន្តវេន​ដឹកនាំ​នាវា​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។  លើស​ពី​នោះថែម​ទៀត (៣)ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ឈីងហ្គេ ក៏​ជា​ឱកាស​ដែល​គណៈ​ប្រតិភូ​កម្ពុជា​ទាំងអស់ អាច​កសាង​ទំនាក់​ទំនង​ល្អ ជាមួយ​មិត្ត​អន្តរជាតិ ហើយ​រួម​គ្នា​នាំ​មក​នូវភាព​សុខ​ដុម​នៃ​វប្បធម៌ មនុស្សជាតិ និង​ប្រទេស​ជាតិ។