ឯកឧត្តម ហ៊ុន ម៉ានី ចុះហត្ថលេខា ជាមួយអ្នកឧកញ៉ា សៀ ឫទ្ធី លើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបណ្តុះបណ្តាលយុវជន និងផ្តល់ឱកាសការងារ

នារសៀលថ្ងៃទី​០៤​ ខែមីនា​ ឆ្នាំ២០២១​ ឯកឧត្តម ​ហ៊ុន​ ម៉ានី ចុះហត្ថលេខា​ ជាមួយអ្នកឧកញ៉ា សៀ​ ឬទ្ធី​ លើអនុស្សរណៈនៃការយោគយល់គ្នារវាងសហភាពសហព័ន្ធ​យុវជនកម្ពុជា និងក្រុមហ៊ុន​វើលប្រ៊ីដគ្រុប​​ ​(World Bridge Group) ស្តីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយុវជន​ និងការផ្តល់ឱកាសការងារ​ នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា។​

គោលបំណងនៃការចុះអនុស្សរណៈយោគយល់នេះ គឺដើម្បីអនុញ្ញាតឱ្យស្ថាប័នទាំងពីរ សហការគ្នាក្នុងការផ្តល់ឱកាសការងារ និង ការបណ្តុះបណ្តាលជំនាញនានាដល់យុវជន ដើម្បីឈានឆ្ពោះទៅកាន់អាជីពការងារជាក់លាក់មួយ។ ទន្ទឹមនេះ ដោយយល់ឃើញពីតួនាទី និងការចូលរួមដ៏សំខាន់របស់យុវជន ក្នុងការជំរុញការអភិវឌ្ឍសង្គមជាតិការចុះអនុស្សរណៈយោគយល់នេះទៀតសោត នឹងផ្ដល់ជាវេទិកា ចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងល្អៗដើម្បីជាការបំផុសគំនិតដល់យុវជនក្នុងការអភិវឌ្ឍខ្លួន និងជាជំនួយស្មារតីសម្រាប់ការត្រៀមខ្លួនក្នុងការអនុវត្តការងារជាក់ស្ដែង ។

មានប្រសាសន៍ក្នុងកិច្ចពិភាក្សាខ្លីនារសៀលនេះ ឯកឧត្តម ​ហ៊ុន​ ម៉ានី បានឲ្យដឹងថា «ផ្នែកមួយនៃបេសកកម្មរបស់​ ស.ស.យ.ក. គឺ​ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជន ហើយការកសាងធនធានយុវជននេះទាមទារឲ្យមានការអនុវត្តផ្ទាល់​ ដែលតម្រូវឲ្យមានការផ្សារភ្ជាប់គ្នាគ្រប់ទិដ្ឋភាពការងារ រួមទាំងវិស័យឯកជន។​ អនុស្សរណៈនេះ​ នឹងក្លាយទៅជាជាច្រកមួយសម្រាប់យុវជនដែលត្រូវការការងារ​ ក៏ដូចជាយុវជនដែលត្រូវការការសិក្សារៀនសូត្របន្ថែមសម្រាប់តម្រូវការជាក់ស្តែងនៃសង្គមបច្ចុប្បន្ន និងទៅថ្ងៃអនាគត ទាំងកិច្ចការសង្គម មនុស្សធម៌ផង និងកិច្ចការអាជីវកម្មសម្រាប់អាជីពការងារទៅថ្ងៃអនាគតផង។​»

ដោយឡែក សម្រាប់ក្រុមហ៊ុនវើលប្រ៊ីដគ្រុប គឺជាក្រុមហ៊ុនធំមួយនៅក្នុងប្រទេសកម្ពុជា ដែលកំពុង ប្រតិបត្តិការ អាជីវកម្មរបស់ខ្លួនលើវិស័យ ដែលមាន សក្តានុពល ដូចជាវិស័យ ដឹកជញ្ជូន សំណង់ អចលនទ្រព្យ ហិរញ្ញវត្ថុ ចំណីអាហារ និងភេសជ្ជៈ សេវាបញ្ចាំសេវា Outsourcing និង e-commerce។ កន្លងមក ក្រុមហ៊ុនវើលប្រ៊ីដគ្រុប ធ្លាប់បានបើកឱកាសដល់យុវជន យុវនារី ឱ្យចូលរួមក្នុងកម្មវិធីហ្វឹកហាត់ ការងារ ពិសេស មួយ(Management Trainee Program)  ដែលមាន រយៈពេល២ឆ្នាំសម្រាប់សិក្ខាកាម អភិវឌ្ឍចំណេះដឹងជំនាញរបស់ខ្លួនតាមរយៈការហ្វឹកហាត់ ការងារពេញ ម៉ោងរយៈពេល២ឆ្នាំដើម្បីក្លាយជាអនាគត អ្នកដឹកនាំ។

អ្នកឧកញ៉ា សៀ ឫទ្ធី  ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប្រ៊ីដគ្រុប បានបង្ហាញចំណាប់អារម្មណ៍នៅថ្ងៃនេះថា​ «យើងបានមើលឃើញសក្តានុពលរបស់ស.ស.យ.ក.​ ហើយសួរជាសំណួរថា​ អ្វីទៅជាSynergy ដែលឈានទៅ រកផ្លូវដែលអាចធ្វើការជាមួយគ្នាបានជាមួយស.ស.យ.ក.​។​ ស.ស.យ.ក. មានសក្តានុពល តែយុវជនមិនងាយចេះតែមានឱកាស​ហើយពិបាកស្វែងរកឱកាស ដូច្នេះយើងមកទីនេះដើម្បីបង្កើតឱកាសសម្រាប់យុវជន។ គោលដៅចម្បងរបស់យើងគឺ​ ដើម្បីពង្រឹង និងពង្រីកសមត្ថភាព និងបង្កើតមុខរបរសម្រាប់យុវជន។ »

ចេញពីអនុស្សរណៈនេះ​ ភាគីទាំងសង្ខាងជឿជាក់ថា ​​នេះ មិនត្រឹមតែបានផ្ដល់ឱកាសដល់យុវជនកម្ពុជា ក្នុងការស្វែងរកបទពិសោធន៍ការងារ ផ្សេងៗនោះទេ ប៉ុន្តែក៏នឹងជំរុញដល់ការទំនាក់ទំនង រវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពស្អិតរមួត និងរឹងមាំផងដែរ ។