នាល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកតំណាងដល់សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ដើម្បីសម្តែងនូវសេចក្តីដឹងគុណ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះរាជរដ្ឋាភិបាល ក្នុងបេសកកម្មប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយសមត្ថភាព និងភាពទទួលខុសត្រូវខ្ពស់។ ជាងនេះទៅទៀត លោកបានបន្ថែមផងដែរថា “កត្តាជោគជ័យចុងក្រោយគឺចេញពីកិច្ចសហការ ការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ។” ការចូលរួមរបស់ប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់ហើយការលំបាកដែលកម្ពុជាជម្នះបានកន្លងមកមិនថាការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ឬការបញ្ចប់ព្រឹត្តិការណ៍សហគមន៍នៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាកន្លងមក សុទ្ធតែមានភាគហ៊ុនធំរបស់ប្រជាពលរដ្ឋដែលបានចូលរួម។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ានី៖
ស.ស.យ.ក. ជឿជាក់លើព្រះរាជាណាចក្រកម្ពុជា
ជាងគ្រាណាៗទាំងអស់ ពេលនេះគឺ ជាពេលដែលយើងត្រូវរួបរួមគ្នាដើម្បីយកឈ្នះលើការយាយីរបស់ជំងឺកូវីដ ១៩ ដែលបានប៉ះពាល់ទាំងលើសុខភាពសាធារណៈ និងសេដ្ឋកិច្ច។
ក្រុមគ្រួសារ ស.ស.យ.ក.សូមសម្តែងនូវសេចក្តីដឹងគុណ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះ៖
រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដឹកនាំដ៏ម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងវិបត្តិមកដល់ពេលនេះ។ លទ្ធផលជាក់ស្តែងក្នុងនោះករណីឆ្លងសរុប ១,៥០៥-ជាសះស្បើយ ៨៤០នាក់-កំពុងសម្រាកព្យាបាល៦៦២នាក់-ស្លាប់១នាក់ បានបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩នេះបើប្រៀបធៀបនឹងប្រទេសដទៃលើសកលលោក។ ទោះយ៉ាងណាក្តីរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់តាមដានការគ្រប់គ្រងស្ថានការណ៍ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ម្យ៉ាងវិញទៀតយើងគួរគត់សម្គាល់លើការដឹកនាំដោយទទួលខុសត្រូវខ្ពស់និងមានការថ្លឹងថ្លែងច្បាស់លាស់រវាងផលប៉ះពាល់លើសុខភាពសាធារណៈ និង ផលប៉ះពាល់លើសេដ្ឋកិច្ច ដែលភាពស្មុគស្មាញនេះទទួលការតាមដានជាប្រចាំពីសំណាក់សម្តេចនាយករដ្ឋមន្រ្តីនិងគណៈរដ្ឋមន្ត្រី។
អ្នកបម្រើការនៅសមរភូមិមុខ ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ អាជ្ញាធរ ភ្នាក់ងារអនុវត្តច្បាប់ ជាពិសេស វេជ្ជបណ្ឌិត អ្នកស្ម័គ្រចិត្ត ក្រុមការងារតាមដាន contact tracing ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទប់ទល់ និងគ្រប់គ្រងការឆ្លងរាលដាលតាំងពីដើមរហូតមក។ ប្រសិនបើគ្មានពួកគាត់ទាំងអស់គ្នាទេ យើងមិនអាចស្ងប់អារម្មណ៍បានទេ (រួមទាំងអ្នកខ្លះដែលស្រណុកចិត្តខ្លាំងពេករហូតដល់ភ្លេចអំពីហានិភ័យ) ដែលជាការលះបង់ដើម្បីសុវត្ថិភាពរបស់ពួកយើង។ កត្តាជោគជ័យចុងក្រោយគឺចេញពីកិច្ចសហការ ការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ។ នេះជាបទពិសោធន៍កម្ពុជាដែលទទួលបានជោគជ័យក្នុងការគ្រប់គ្រងវិបត្តិកូវីដ ១៩ និងការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលតាំងពីថ្ងៃ៧មករា១៩៧៩មកដល់បច្ចុប្បន្ន។
ទោះជាយ៉ាងក្តី ហានិភ័យខ្ពស់នៅតែបន្តមាន ជាពិសេសចំពោះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈកន្លងទៅថ្មីៗនេះ។ សូមបងប្អូនចូលរួម ធ្វើអ្វីដែលអ្នកអាចធ្វើជាមួយក្រុមការងាររបស់យើងដែលនៅជួរមុខ ដើម្បីយើងអាចឆ្លងផុតជាមួយគ្នា ដោយអនុវត្តវិធានសុខាភិបាល ៣កុំ និង៣ការពារ។
សូមជម្រាបផងដែរថា សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសបានបន្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានអនុវត្តកាលឆ្នាំ២០២០រហូតមកដល់ពេលនេះ។ ដោយសារការរីករាលដាលនេះនៅតែបន្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្តីណែនាំកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ សារជាថ្មី ជូនសមាជិក សមាជិការបស់ខ្លួនដើម្បីបន្តយុទ្ធនាការផ្សព្វផ្សាយ អប់រំ នេះជាបន្តទៀត។
សូមជម្រាបផងដែរថា សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេសបានបន្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានអនុវត្តកាលឆ្នាំ២០២០រហូតមកដល់ពេលនេះ។ ដោយសារការរីករាលដាលនេះនៅតែបន្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្តីណែនាំកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ សារជាថ្មី ជូនសមាជិក សមាជិការបស់ខ្លួនដើម្បីបន្តយុទ្ធនាការផ្សព្វផ្សាយ អប់រំ នេះជាបន្តទៀត។







