យុវជនត្រូវសិក្សា ចងចាំ និងមិនត្រូវឲ្យប្រវត្តិសាស្ត្រដូចព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៧០ ត្រឡប់មកវិញឡើយ

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ គឺជាខួប៥១ឆ្នាំ នៃព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលយុវជនគប្បីចងចាំ និងមិនត្រូវឲ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះត្រឡប់មកវិញបានឲ្យសោះ។

រូបភាពស្រង់ពីសារព័ត៌មានហ្វ្រេសញូ

ចាប់តាំងពីឆ្នាំ១៩៥៥មក កម្ពុជាមានបទពិសោធន៍ជាច្រើនដែលកើតចេញមកពីការលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បរទេស និងប្រទេសអមិត្តដែលចាត់ទុកកម្ពុជាជាកូនអុកដើម្បីវាយលុកឈានដល់ការកាន់កាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល ក្រោមលេសថា កម្ពុជានឹងក្លាយជាជនរងគ្រោះដោយសារ «ការវាតទីនៃលទ្ធិកម្មុយនីស្ត» ហើយខ្លួនចូលមកជួយដើម្បីការពារប្រទេស និងរាជបល្ល័ងជាដើម​ ។ ពួកគេបានប្រើប្រាស់យុទ្ធវិធីជាច្រើនធ្វើយ៉ាងណាដើម្បីបំផ្លាញនយោបាយអព្យាក្រឹតរបស់ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ដែលតែងតែជាឆ្អឹងទទឹងកររបស់ពួកគេ តាមរយៈការបញ្ចុះបញ្ចូលនានា ការដាក់សម្ពាធលើថ្នាក់ដឹកនាំកម្ពុជា​ ការកាត់ផ្តាច់ជំនួយសេដ្ឋកិច្ច និងយោធា ការកៀរគរប្រទេសនានាឲ្យធ្វើវិទ្ធស្សនាតាមព្រំដែន ការរិះរកវិធីសាស្ត្រពិសពុលសព្វបែបយ៉ាងដើម្បីមិនឲ្យកម្ពុជាមានលទ្ធភាពប្រើប្រាស់កម្លាំងអាវុធទប់ទល់ជាមួយការឈ្លានពាន ព្រមទាំងការគាំទ្រកម្លាំងឧទ្ទាមដើម្បីប្រឆាំង ធ្វើអបគមន៍ទឹកដី និងរហូតដល់ការផ្តួលរំលំរដ្ឋាភិបាល​ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានក្រុមមនុស្សអាក្រក់ និងក្រុមខ្មែរសេរី ប៉ុនប៉ងធ្វើឃាតជាច្រើនលើកច្រើនសារតាមរយៈការបង្កប់ឃាតករក្នុងហ្វូងមនុស្សអ្នកគាំទ្រសម្តេច​ ការបង្កប់គ្រាប់បែកនៅក្នុងប្រអប់តង្វាយនៅឆ្នាំ១៩៥៩ និងការបង្កៃគ្រាប់បែកនៅឆ្នាំ១៩៦៣ដើម្បីបំផ្ទុះព្រះទីនាំងជាដើម។ ល្បិចកលពិសពុលជាច្រើនត្រូវបានរៀបចំទាំងក្នុងទិដ្ឋភាពយោធា សេដ្ឋកិច្ច​ សង្រ្គាមចិត្តសាស្ត្រ ដើម្បីបំផ្លាញប្រជាប្រិយភាពរបស់ព្រះអង្គ ក៏ដូចជាការទម្លាក់គ្រាប់បែកក្នុងទឹកដីកម្ពុជាដែលបានសម្លាប់ជិវិតប្រជារាស្ត្រស្លូតត្រង់ជាច្រើន ហើយជាបន្តបន្ទាប់ក៏លេចចេញនូវព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយត្រូវបានមើលឃើញថា លោកសេនាប្រមុខ​លន់​ នល់ គឺជាមនុស្សសំខាន់ក្នុងព្រឹត្តិការណ៍នេះ។ (សម្រង់ខ្លឹមសារចេញពីសៀវភៅ អាស៊ីអាគ្នេយ៍ ២០ឆ្នាំក្នុងសង្គ្រាម CIA ដោយលោក អេង ប៉ូលីត សូឡារី)

នេះមិនមែនបានន័យថាត្រូវចង្អុលថានរណាខុស នរណាត្រូវនោះទេ តែជាមេរៀនប្រវត្តិសាស្ត្រដែលកូនខ្មែរគួរតែសិក្សារៀនសូត្រ​ និងត្រិះរិះពិចារណាឲ្យបានដឹតដល់ ហើយប្រុងប្រយ័ត្នជានិច្ចចំពោះកាយវិការទាំងឡាយណាដែលអាចជាខ្សែញាក់បរទេស ហើយអាចនាំមកនូវហានិភ័យដល់ខ្លួន និងប្រទេសជាតិនៅថ្ងៃអនាគត។ ទោះបីនេះជារឿងរ៉ាវប្រវត្តិសាស្ត្រក៏ពិតមែន តែកលល្បិច និងយុទ្ធវិធីនានាក៏ត្រូវបានមើលឃើញថាកំពុងត្រូវបានប្រើប្រាស់ក្នុងពេលបច្ចុប្បន្នជារឿយៗនៅឡើយ។

ផ្តើមចេញពី ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នោះហើយ ដែលបានបណ្តាលឱ្យមានការរីកសាយនូវចលនាថ្មីមួយទៀត ដែលបាននាំកម្ពុជាឱ្យធ្លាក់ដល់នរកអវចី ដែលជាសករាជដ៏ខ្មៅងងិតបំផុតរបស់កម្ពុជា បានចាប់ផ្តើម៥ឆ្នាំបន្ទាប់ និងអូសបន្លាយរហូតដល់ ៣ ឆ្នាំ ៨ខែ និង២០ថ្ងៃ​ នោះគឺ «របបកម្ពុជាប្រជាធិបតេយ្យ» ដ៏យង់ឃ្នង។ យើងត្រូវចងចាំថា ការសម្រេចចិត្តខុសតែមួយពេល ហើយឆាបឆួលបែបភ្លើងចំបើង បានរុញច្រានប្រទេសជាតិដល់ចំណុចដ៏គួរឲ្យរន្ធត់។ ម្យ៉ាងទៀត ការស្វែងរកសុខសន្តិភាពត្រលប់មកវិញ មិនមែនជាកត្តាសាមញ្ញ និងងាយស្រួល ដូចការបំផ្លិចបំផ្លាញនោះទេ។

អ្វីដែលសំខាន់ ឬ វិស័យដែលសំខាន់ហើយធានាបានដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាការរីកចម្រើនលើគ្រប់វិស័យនោះគឺ «វិស័យសន្តិភាព»