ស្ថាប័នរដ្ឋ ឯកជន យុវជន សិល្បករ សិល្បការិនី និងសង្គមស៊ីវិល ស្ម័គ្រចិត្តរួមគ្នាចាប់ផ្តើមយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩

នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថាប័នរដ្ឋ ឯកជន យុវជន សង្គមសុីវិល សិល្បករ សិល្បការិនី និងសមាគមនានា បានសហការគ្នាចាប់ផ្តើមយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០១៩។  កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាស្ថាបនិកគម្រោងស្អាត លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានស.ស.យ.ក. ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង និងវត្តមានឯកឧត្តម លោកជំទាវ សហស្ថាបនិកគម្រោងស្អាត តំណាងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សិល្បករ សិល្បការិនីជាច្រើនរូបទៀត។

យុទ្ធនាការ «ភ្នំពេញ​ស្អាត» គឺ​ជា​ការ​ប្រមូល​ផ្តុំ​តួ​អង្គ​ពាក់​ព័ន្ធ បង្កើត​ឲ្យ​មាន​សម្លេង​តែ​មួយ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​រួម​គ្នា​មួយ ពោល​គឺ ភាព​ជា​គំរូ​ដែល​ផ្តើម​ចេញ​ពី​យើង​ទាំង​អស់​គ្នា ក្នុង​ការ​ចូល​រួម​ចំណែក​លើក​កម្ពស់​បរិស្ថាន​ស្អាត ជា​ពិសេស​បញ្ជ្រាប​អំពី​បញ្ហា​ប្រឈម និង​ខិត​ខំ​ស្វែង​រក​ដំណោះ​ស្រាយ​រួម​មួយ​ស្ដី​ពីការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ។ បេសកកម្ម និង​ផែន​ការ​សកម្មភាព​ចម្បង​របស់ យុទ្ធនាការ «ភ្នំពេញស្អាត» ផ្តោត​ជា​សំខាន់​លើ​ការ​អប់រំ​ស្តី​ពី​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ តាមរយៈ​ការ​បញ្ជ្រាប​សារ «ភ្នំពេញ​ស្អាត» ដែល​មាន​ខ្លឹមសារ «សំរាម​មិន​ធ្លាក់​ដល់​ដី ភ្នំពេញ​កាន់​តែ​ប្រពៃ»។

ថ្លែងក្នុងពិធីប្រកាសដំណើរការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០១៩ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាសហស្ថាបនិកនៃគម្រោងស្អាត បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានកិត្តិយស និងមានសេចក្តីរំភើបយ៉ាងខ្លាំងដែលបានចូលរួមជាមួយសហស្ថាបនិកនៃគម្រោងស្អាតដទៃទៀត ហើយយើងបានសហការគ្នា ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នរដ្ឋ-ឯកជន ស្ថានទូត សមាគម ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀត ប្រតិបត្តិចេញជាលទ្ធផល និងសមិទ្ធផលយ៉ាងគាប់ប្រសើរគួរជាទីមោទនៈ។ ជាងនេះទៅទៀត បេសកកម្មដើម្បីភ្នំពេញស្អាត ទាមទារឲ្យមានជាចាំបាច់នូវការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការធ្វើជាទូតសុឆន្ទៈស្អាត ហើយទទួលខុសត្រូវទាំងអស់គ្នាដើម្បីភាពស្អាត និងភាពស្រស់បំព្រងនៃបរិស្ថានជុំវិញ។»  … «កង្វល់នៃបញ្ហាសំរាម មិនមែនបញ្ហាដោយឡែកតែនៅកម្ពុជានោះទេ ប្រទេសផ្សេងៗត្រូវការពេលវេលារាប់សិបឆ្នាំដើម្បីដោះស្រាយ ហើយការអបរំពិតជាមានសារសំខាន់ដើម្បីដោះស្រាយបញ្ហានេះ។ កម្ពុជាបានយកចិត្តទុកដាក់លើបញ្ហានេះ ជាមួយយន្តការ និងយុទ្ធនាការជាច្រើនរួចមកហើយ។ ប្រសិនបើយើងរួមគ្នាអោយបានស្រុះគ្នាកាន់តែច្រើន យើងនឹងអាចដោះស្រាយបញ្ហាបានកាន់តែជោគជ័យ និងទាន់ពេលវេលា។ បញ្ហាបរិស្ថា​ន ឬសំរាមមិនមែនជារឿងស្ថាប័ន មិនមែនជារឿងកាតព្វកិច្ច បុគ្គល ឬតួនាទីនោះទេ តែជារឿងដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយរបស់យើង និងប្រទេសជាតិយើង។» លោក ហ៊ុន ម៉ានី បន្ថែម។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា «ភ្នំពេញមានសំរាមប្រមាណ ៣០០០តោន ក្នុងមួយថ្ងៃ ហើយបញ្ហាសំរាមជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ ដែលបានកើនឡើងយ៉ាងគំហុក ហើយដែលទាមទារអោយមានការការចូលរួមដោះស្រាយ ហើយត្រូវប្រើរយៈពេលវែងក្នុងការដោះស្រាយ។ អ្វីដែលជាការប្រឈមរបស់យើងគឺ (១) ការទុកដាក់ និងញែកសំរាម (២) ការប្រមូលសំរាម (៣) ទីលានចាក់សំរាម (៤) ការលើកកម្ពស់ការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមបានត្រឹមត្រូវ និងស្មារតីថែរក្សាអនាម័យបរិស្ថាន។»

តាមរយៈការប្រឈមទាំំងអស់នេះ លោកអភិបាលរងក៏បានបន្ថែមផងដែរថា «រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានី បាន នឹងកំពុងខិតខំយ៉ាងញាប់ជើងញាប់ដៃ ដើម្បីដោះស្រាយជាអាទិភាព។ តែទោះបីជាយ៉ាងណា ការចូលរួមរបស់ប្រជាពលរដ្ឋពិតជាមានសារសំខាន់ ដើម្បីអោយដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ខ្ញុំសូមអរគុណដល់គម្រោងភ្នំពេញស្អាត ដែលជាផ្នែកមួយដ៏ប្រពៃក្នុងការចូលរួមដោះស្រាយបញ្ហាសំរាម និងធ្វើអោយភ្នំពេញកាន់តែស្រស់ស្អាត។ »

សូមជម្រាបផងដែរថា គម្រោង «ស្អាត» ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សហ​ស្ថាបនិក​ ៦​រូប ដែល​មាន​លោក ហ៊ុន ម៉ានី លោក​ស្រី ទេព​ កូលាប លោក​ស្រី ជា សុផល្លា លោក​ ជី សិលា លោក ហៃ ភិរម្យ និងលោកស្រី ហេង ធីតា។ នៅ​ឆ្នាំ​២០១៧ គម្រោង «ស្អាត» បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​តាម​រយៈ យុទ្ធនាការ «ភ្នំពេញ​ស្អាត»​ និង​បាន​ពង្រីក​វិសាលភាព​ក្នុង​ឆ្នាំ ២០១៩ តាមរយៈ​ការ​អនុញ្ញាត​បង្កើត​យុទ្ធនាការ «កំពត​ស្អាត» ផង​ដែរ​។

លោក ហៃ ភិរម្យ សហស្ថាបនិកគម្រោងស្អាតបានមានប្រសាសន៍ថា យើងប្រសិទ្ធនាម ខែ​វិច្ឆិកា ថាជា​ខែ​ស្អាត​  ហើយសម្រាប់ឆ្នាំ២០១៩ គម្រោងស្អាតគ្រោង​នឹង​រៀប​ចំ​កម្មវិធីពេញមួយខែដែលមានដូចជា៖ (១) សហការ​ជាមួយ​គ្រឹះ​ស្ថាន​អប់រំ​រដ្ឋ និង​ឯកជន​ក្នុង​ភ្នំពេញ ដើម្បី​ធ្វើ​ការ​អនុវត្ត​រៀបចំ​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ «សាលា​ស្អាត» (២) ធ្វើ​យុទ្ធនាការ«មោទនភាព​ស្អាត» ឬ «Project Pride» តាម​រយៈ​ការ​ថត​វីដេអូ​ខ្លី ១៥ វិនាទី និយាយ​ពី​ឈ្មោះ ស្ថាប័ន និង​ភ្ជាប់ដោយពាក្យថា «ខ្ញុំស្អាត»​ (៣) បន្ត​បំផុស​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​ចូល​រួម​ពី​ស្ថាប័នរដ្ឋ ឯកជន សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល ក៏​ដូច​ជា​ដៃ​គូ​អភិវឌ្ឍន៍ តាមរយៈ​ការ​ជំរុញ​ការ​ទទួល​យក​ទស្សនា​ទាន «ស្អាត» ដោយ​ការ​បិត​ស្ទីកគ័រ ឬ​ខិត​ប័ណ្ណ«ស្អាត» និង​ជំរុញ​ការ​ប្រើ​ប្រាស់​វេទិការ​នេះ ឲ្យ​បាន​ទូលំ​ទូលាយ​ទៅ​ដល់​បុគ្គលិក​បម្រើ​ការងារ កម្មករ កម្មការិនី សមាជិក សមាជិកា សហជីវិន ព្រម​ទាំង​បុគ្គល​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត (៤) បន្ត​ការ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​សារ​អប់រំ តាមរយៈ​អ្នក​ដែល​មាន​ឥទ្ធិពល​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ដើម្បី​អោយ​ពួក​គាត់​ដើរ​តួ​ជា ទូត​សុឆន្ទៈ​របស់​ភ្នំពេញ​ស្អាត ក្នុង​ការ​បន្ត​ផ្សព្វផ្សាយ​យន្តការ​អប់រំ​នានា​ស្ដី​ពី​ការ​កែប្រែ​ទម្លាប់​ក្នុង​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ (៥) ចូល​រួម​សហ​ប្រតិបត្តិការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សាលា​រាជធានី​ភ្នំពេញ មន្ទីរ​បរិស្ថាន​រាជធានី ក៏​ដូច​ជា​ក្រុម​យុវជន​ដទៃ​ទៀត ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង និង​ទប់​ស្កាត់​ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់​ធ្នាប់ ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ ដោយ​គ្រោង​នឹង​សហកា​រពង្រាយ​ប៉ោង​ប៉ោង «ស្អាត» នៅ​ទី​តាំង​ប្រមូល​ផ្តុំ​សំខាន់​មួយ​ចំនួន ដើម្បី​បំផុស​ភាព​ងាយ​ស្រួល​ដល់​សាធារណៈ ក្នុង​ការ​កំណត់​សម្គាល់​គោល​ដៅ​ដែល​មាន​ធុង​សំរាម និង​ការ​ប្រមូល​សំរាម​ ព្រម​ទាំង​ផលិត​វីដេអូ​អប់រំ​ខ្លី ពន្យល់​ពី​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង (៦) រៀប​ចំ​ពិព័រណ៍​ស្តង់​ផលិតផល អម​ជាមួយ​ការ​ប្រគំតន្ត្រី ដែល​មាន​ការ​ចូល​រួម​ពី​តារា​ល្បី​ៗ៕