ក្នុងឱកាសខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៩ នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា មានកិត្តិយសចូលរួមអបអរសាទរជាឱឡារិកទិវាបុណ្យជាតិដ៏អធិកអធមនេះ ក្នុងគោលបំណងរំលឹកឡើងវិញ និងបន្តលើកស្ទួយវីរភាពដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមនៃព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលទ្រង់បានតស៊ូរំដោះកម្ពុជាឱ្យបានទទួលឯករាជ្យពេញលេញពីអាណានិគមនិយមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ព្រមពេលជាមួយគ្នានេះផងដែរ ទន្ទឹមនឹងខួបលើកទី៦៦ នៃថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមវាយតម្លៃខ្ពស់ចំពោះវីរភាព ការបូជាជីវិត ការតស៊ូលះបង់របស់កងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលស្ថិតនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេសក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនៅគ្រប់កាលៈទេសៈ ដែលយុវជនយើងជាអ្នកជំនាន់ក្រោយនឹងនៅចងចាំជានិច្ច។
ក្នុងឱកាសទិវាជាប្រវត្តិសាស្រ្តជាតិនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា នៅទូទាំងប្រទេសសូមបេ្តជ្ញាការពារ និងដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិកម្ពុជា ដែលព្រះអង្គទ្រង់បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋដើម្បីចូលរួមចំណែកការពារឲ្យបាននូវសន្តិភាព និងកសាងមាតុភូមិលើគ្រប់វិស័យ ផ្អែកលើមូលដ្ឋានសាមគ្គីភាព ក្នុងស្ថានភាពដែលសង្គមជាតិទាំងមូលកំពុងមានសន្តិភាព និងស្ថិរភាពនយោបាយ។ សហភាពសហព័ន្ធយុវជនកម្ពុជាក៏សូមកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី ការពង្រីកវប្បធម៌សន្តិភាព ការផ្សះផ្សា បង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព នីតិរដ្ឋ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាពិសេសការការពារសន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងការកែលម្អអភិបាលកិច្ច ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ន សមធម៌សង្គម ក៏ដូចជាការបន្តលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិនៅគ្រប់វិស័យ ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ដែលកម្ពុជានឹងប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។