ស.ស.យ.ក.​​ សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

នៅក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ថ្នាក់ដឹក​នាំ និងសមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះ ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ចាកផុតនូវព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិបន្តព្រះរាជកិច្ចដ៏ឧត្តុងឧត្តមថ្លៃថ្លា ដឹកនាំនាវាកម្ពុជាទៅកាន់ជ្រោយវឌ្ឍនភាព និងសុភមង្គលព្រមទាំងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាអង្វែងតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះផងដែរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត​សម្ដែងថ្វាយនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ ព្រះអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាពសង្គម និងការងារកិច្ចការបរទេសនាពេលកន្លងមក ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់កិត្យា​នុភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមចារិកទុកក្នុងក្រអៅបេះដូង និងចងចាំជានិច្ចនូវគំរូវីរភាពប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ចំពោះជាតិ មាតុភូមិ និងប្រជាជនរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានលះបង់អស់ព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជទ្រព្យ ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជន និងកសាងសមិទ្ធផលសង្គមជាច្រើនសំដៅស្ដារ និងអភិវឌ្ឍទឹកដីសុវណ្ណភូមិជាទីសេ្នហាឲ្យមានការរីកចម្រើនជឿនលឿនថ្កុំថ្កើនរុងរឿងយ៉ាងឆាប់រហ័ស និងជានិរន្តរ៍។

ទូលព្រះបង្គំយើងខ្ញុំសូមព្រះបរមរាជានុញ្ញាតជាថ្មីម្ដងទៀត លើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះអង្គចេក ព្រះអង្គចម គុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំកុរ សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះមេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនាការ ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ។

Image may contain: 1 person, smiling
Image may contain: 1 person, standing and wedding
Image may contain: 8 people, people smiling, people standing and wedding