ស.ស.យ.ក. រៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា​ចុងសប្តាហ៍នេះ

ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ព ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន សមាជិក-សមាជិកា ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខា ខេត្តសៀមរាប។

កិច្ចប្រជុំគណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពនិងការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយនឹងសមាជិក-សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល, សមាជិក-សមាជិកា គណៈកម្មាធិការកណ្តាល, រួមទាំងវត្តមានចូលរួមរបស់សមាជិក-សមាជិកា ស.ស.យ.ក. សរុបចំនួន ៣៥០នាក់ ដើម្បីស្តាប់របាយការណ៍ការងារក្រោយពេលមហា    សន្និបាតលើទី៤ រហូតមកដល់បច្ចុប្បន្ន តាមដានវឌ្ឍភាពការងារ និងកំណត់ទិសដៅសកម្មភាពការងារបន្តស្របតាមសេចក្តីសម្រេចរបស់មហាសន្និបាត និងផែនការយុទ្ធសាស្ត្រ «ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។

សូមជម្រាបផងដែរថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានកំពុងដើរតួយ៉ាងសំខាន់ក្នុងការជំរុញឲ្យយុវជនចូលរួមក្នុងកិច្ចការងារសង្គមក្រោមស្មារតី២ធ្នូ និងបានលើកទឹកចិត្តយុវជនឲ្យរក្សាជំហរគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តុះស្មារតីសាមគ្គីភាព ពង្រឹងការរួបរួមគ្នា និងការពួតដៃគ្នាក្នុងនាមយុវជនខ្មែរដែលជាធនធានពោរពេញដោយចំណេះដឹង និងសមត្ថភាព ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីប្រជាជន និងអនាគតកម្ពុជា។

អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន សមាជិក-សមាជិកា គ្រួសារស.ស.យ.កព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបជាព័ត៌មាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ លោកស្រី ដារ៉េត រ៉ូហ្សាលីន តាមរយៈលេខទូរស័ព្ទ ០៨១ ៨២០០៨១ ឬកញ្ញា យ៉ាម៉ា សុជាតា ០៦៩ ៤៤៤ ០៤៧៕

សូមអរគុណ!