សូមអញ្ជើញទស្សនា “សារមន្ទីរខេត្តតាកែវ” និងរួមគ្នាថែរក្សាបេតិកភណ្ឌជាតិ

ខេត្តតាកែវជាខេត្តដែលបណ្តុំដោយទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រចំណាស់ៗជាច្រើនដែលគួរឲ្យកត់សម្គាល់។ ក្នុងនោះខេត្តនេះមានសារមន្ទីរចំនួនពីរដែលកំពុងដំណើរការគឺ សារមន្ទីរខេត្តតាកែវ និងសារមន្ទីរអង្គរបុរី។​ ថ្ងៃនេះ ស.ស.យ.ក. សូមគោរពអញ្ជើញបងប្អូនជនរួមជាតិទៅទស្សនា និងស្វែងយល់ពី “សារមន្ទី​រ​ខេត្តតាកែវ”

“សារមន្ទី​រ​ខេត្តតាកែវ” ស្ថិតក្នុងភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ក្នុងទីរួមខេត្ត)។ សារមន្ទីរនេះបាន​បើក​ដំ​ណើ​រការ​កាលពី​ថ្ងៃទី​៥ ​ខែឧសភា ​ឆ្នាំ​២០០៦​ ​ក្នុងគោលបំណងតម្កល់ និងថែរក្សាវត្ថុបុរាណនានា ដែលប្រមូលបានពីទីទួល ឬប្រាសាទបុរាណនានា ដើម្បីឲ្យមហាជន សិស្សានុសិស្ស ភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា និងសិក្សាស្វែង​យល់បន្ថែម​អំពី​ស្នាដៃ​សិល្បៈរបស់​បុព្វបុរស​ខ្មែរ​។

“សារមន្ទី​រ​ខេត្តតាកែវ” មានវត្ថុបុរាណចំនួន ២០៦ ផ្ទាំង-ដុំ-រូប (មានដុំតូច និងដុំធំ) ដែលស្ថិតក្រោមការថែរក្សារបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ភ្ញៀវជាតិ និងអន្តរជាតិអាចចូលទស្សនាសារមន្ទីរនេះ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដោយត្រូវបង់ថ្លៃចូលទស្សនាចំនួន ១ ដុល្លារ (សម្រាប់ភ្ញៀវបរទេស)។

បច្ចុប្បន្នសារៈមន្ទីរខេត្តហាក់មិនសូវទទួលបានប្រជាប្រិយភាពក្នុងការចូលទស្សនាពីប្រជាពលរដ្ឋ ភ្ញៀវ ឬសិស្សានុសិស្សឡើយ។ ក្នុងន័យនេះ ស.ស.យ.ក. សូមលើកទឹកចិត្តដល់យុវជន យុវនារី សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមថែរក្សាវប្បធម៌ជាតិ និងសម្បត្តិបេតិកភណ្ឌជាតិអោយបានគង់វង្ស និងគាំទ្រសារមន្ទីរខេត្តតាកែវ ក៏ដូចជាស្ថានីយ៍ប្រវត្តិសាស្ត្រនានាទូទាំងប្រទេសតាមរយៈ ការរៀបចំទស្សនកិច្ចសិក្សាផ្សេងៗ និងចូលរួមលើកស្ទួយតម្លៃនៃបេតិកភណ្ឌជាតិតាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ។