បេសកកម្មរាជធានី ខេត្ត បានមកដល់ខេត្តកែប ដែលជាខេត្តទី១៦

បន្ទាប់ពីបេសកកម្មក្នុងខេត្តតាកែវទទួលបានជោគជ័យគួរជាទីមោទន ថ្ងៃនេះបេសកកម្ម រាជធានី ខេត្ត បានដំណើរមកដល់ខេត្តកែប ដែលជាខេត្តទី១៦នៃបេសកកម្ម។ ខេត្តកែបមានចម្ងាយ ១៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញផ្ទៃដីសរុប ចំនួន ១៨៧,២៤ គីឡូម៉ែត្រការ៉េ​ និងប្រជាពលរដ្ឋសរុមចំនួន៤១.៨១៨នាក់។

ខេត្តកែប ជាខេត្តមួយជាប់ឆ្នេរសមុទ្រក្នុងចំណោមខេត្តទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា  និងជាសមាជិកក្លឹបឆ្នេរដែលស្អាតបំផុតលើសកលលោក មានសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិ និងសម្បត្តិវប្បធម៌ប្រកបដោយភាពទាក់ទាញ រួមមាន៖ សមុទ្រដែលមានពណ៌ខៀវស្រងាត់ ឆ្នេរសមុទ្រស្រស់ស្អាតប្រវែង២៦,៥០គ.ម កោះចំនួន១៣ ព្រៃកោងកាង១.០០៥ ហិកតា ស្មៅសមុទ្រ៣.០៩៥ហិកតា ផ្កាថ្ម៥២,៥ហិកតា ស្រែអំបិល១.០៤០ហិកតា ស្ថានីយរថភ្លើង ឧទ្យានជាតិកែបស្ថិតនៅចំកណ្តាលទីក្រុងដែលជាសម្បត្តិធម្មជាតិដ៏កម្រទំហំ ១.០៥២ហិកតា និងមានរមណីយដ្ឋានអេកូទេសចរណ៍ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត មានភាពទាក់ទាញ៣៥កន្លែង ពិសេសក្តាមសមុទ្រដែលមានរសជាតិឆ្ងាញ់ពិសា។ 

សូមជម្រាបផងដែរថា ខេត្តកែបទទួលបានស្នាដៃ និងជ័យលាភីជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ជាអាទិ៍៖ ជ័យលាភីប្រឡងប្រណាំងនៃការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ជ័យលាភី​ចលនាប្រឡងប្រណាំងទីក្រុងស្អាត «ផ្ការំដួលបីទង» ចំនួន០២លើកជាប់ៗគ្នា, ជ័យលាភី «ឡាបែលទីក្រុងទេសចរណ៍ស្អាតអាស៊ាន» នៅទីក្រុងឈៀងម៉ៃនៃព្រះរាជាណាចក្រថៃ, ពានរង្វាន់ «ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន» លើសូចនាករ ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត នៅប្រទេសប្រ៊ុយណេ និងពានរង្វាន់ «ឡាបែលឆ្នេរខ្សាច់កំសាន្តស្អាត» រួមជាមួយស្នាដៃ និងពានរង្វាន់ជាច្រើនទៀតបានធ្វើឱ្យខេត្តកែប ក្លាយជាខេត្ត តារារះនាទិសនិរតី ។

Image result for kep province
Photo Courtesy to Tram Lyrattanak

ផ្តើមចេញពីកត្តាខាងលើនេះ បានធ្វើឱ្យខេត្តកែបទទួលបានភ្ញៀវទេសចរមកសម្រាក លំហែ​កំសាន្តប្រមាណជាងមួយលាននាក់ក្នុងមួយឆ្នាំៗ ដោយបានបង្កើនមុខរបរ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពកាន់តែប្រសើរឡើងជា លំដាប់។