កម្មវិធីបើកបវេសនកាលថ្មី និងប្រគល់អគារជួសជុលឡើងវិញដោយរោងចក្រផលិតស្រាបៀរកម្ពុជា (Cambodia Brewery)

ការផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ លើការ​ពង្រីកការ​អប់រំ​កុមារ​តូច ការពង្រីក​ឱកាស​ទទួល​សេវា​អប់រំ​មធ្យមសិក្សា​ និង​ក្រោយ​មធ្យមសិក្សា​ តាម​រយៈ​បន្ត​អនុវត្ត​គោលការណ៍​ភាព​ជា​ដៃ​គូ ឱ្យ​បាន​កាន់​តែ​ប្រសើរ​រវាង​រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ ផ្នែកឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍ និង​មាតាបិតាសិស្ស​ ក្នុងការរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ពង្រឹងសមត្ថភាពរបស់យុវសិស្សជំនាន់ក្រោយ ដែលជាធនធានមនុស្ស បន្តវេនសម្រាប់សង្គមកម្ពុជាកាន់តែរឹងមាំ។

លើស​ពី​នេះ​ទៀត​ត្រូវ​ធានា​ថា ការ​ចំណាយ​លើវិស័យ​អប់រំ​ពិត​ជា​ទទួល​បាន​នូវ ផល​ប៉ះ​ពាល់​ជា​អតិបរមា ជាពិសេស​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អប់រំ​សម្រាប់​កុមារ​និង​ យុវជន បាត់បង់​ឱកាស តាមរយៈ​ការរៀបចំ​ឲ្យ​មាន​វិធាន​ការ​ច្បាស់លាស់ ​ដែលធានា​ដល់​ប្រសិទ្ធភាព​នៃ​ការចំណាយ​ថវិកា​អប់រំ ។ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពីការ​អប់រំ ក្រម​សីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន ​និង​ អភិបាល​កិច្ច​ល្អ ក៏​ជា​កិច្ចការ​មួយ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​ក្លា​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​លើក​ទឹកចិត្ត ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​អប់រំ​នៅ​គ្រប់​កម្រិត​សម្រាប់​អនុវត្ត ​វិមជ្ឈការ​អប់រំ​ ក៏​ជា​សមាស​ភាគ​ដ៏​សំខាន់​ផង​ដែរ។