ប្រវត្តិបុណ្យអ៊ុំទូក

ពិធីបុណ្យអ៊ុំទូក មានតាំងពីបូរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្គរ។ ហេតុអ្វីបានជាគេរៀបចំពិធីបុណ្យអ៊ុំទូក?
បុណ្យអ៊ុំទូកនេះមានការបកស្រាយប្លែកៗគ្នាជាច្រើន រួមមាន៖ តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យយើងពីដើម ចែងថា ៖ នៅសម័យអង្គរនាគ្រឹស្តសករាជសតវត្សទី១២ ក្នុងកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចចេញធ្វើសង្គ្រាមជើងទឹកបង្រ្កាបពួកចាម ដោយកងទ័ពទូកជាចំបាំងរំដោះក្រុងកម្ពុជាឲ្យរួចស្រឡះចេញពីខ្មាំង សត្រូវ (គ.ស. ១១៧៧-១១៨១) រឿងចំបាំងគ្រានេះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ។

 

ក្នុងចម្លាក់នោះឃើញមានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាលក្ខណ៍នៃព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំង នាវាចំបាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ។
តាមឯកសារមួយទៀតបង្ហាញថា ល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទំលាប់លេខ ១៩.០០៤ និពន្ធដោយលោក ថាច់ បែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គចន្ទ ទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបាល ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្តេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចតទៅនេះ ៖
ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើង សព្វថ្ងៃ។ ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោងមានទ្រង់ទ្រាយដូចជា ទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសំរាប់កងទ័ព។
របៀបបង្ហាត់ច្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី ៤ទិស «ចតុស្តម្ភ» ដែលនៅក្នុងឱវាទស្និទ្ធិភូបាល ស្តេចក្រាញ់គ្រប់ជំពូក ដែលបញ្ញតិច្បាប់សំរាប់ស្រុក។ល។ កំណត់ថ្ងៃពេញបូរមី ខែកត្តិក រដូវអកអំបុកនោះ មន្ត្រីទាំង ៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ ១យប់ រាល់ឆ្នាំ។
ចំណែកទាហានជើងទឹកឲ្យទៅប្រលងឫទ្ធី ឯទន្លេពាមកន្ថោក ក្នុងខេត្តឃ្លាំង ត្បិតទីនោះជាទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល។
តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះ យើងអាចសន្និដ្ឋានបាន ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណីជាប់រៀងរាល់ថ្ងៃ ហើយអាចសន្និដ្ឋានទៀតថា ប្រទេសកម្ពុជាធ្វើពិធីបុណ្យអ៊ុំទូកនេះរៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណ។

ប្រវត្តិពិធីអកអំបុកនិងសំពះព្រះខែ

ប្រភពនៃពិធីសំពះព្រះខែ អកអំបុក
តាមគម្ពីរបរមត្ថទីបនី អដ្ឋកថា ចរិយាបិដក ភាសាបាលីមានចែងថា ក្នុងដើមីភទ្ទបក្បនេះ ព្រះបរមពោធិសត្វនៃយើង ទ្រង់យោនយកកំណើតជាសសបណ្ឌិត «កំណើតជាទន្សាយ»។ នៅថ្ងៃពេញបូរមីមួយ សសបណ្ឌិតបានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈជាទានបរមត្ថបារមី ដើម្បីបំពេញពោធិសម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ។
ព្រះឥន្ទទ្រង់ជា្របហេតុការណ៍នោះ ក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់ មកសុំមំសាសសបណ្ឌិតជាអាហារសសបណ្ឌិតពោធិបានឲ្យព្រាហ្មចាស់នោះ បង្កាត់ភ្លើងភ្នក់ ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោរសន្ធៅ សសបណ្ឌិតក៏រលាក់ខ្លួន ៣ដង ដើម្បីឲ្យសត្វល្អិតដែលជាប់នៅនឹងរោមជ្រុះចេញរួច ក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម។
អស្ចារ្យណាស់ភ្លើងនោះពុំបានឆេះសសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៍បានស្ទុះទៅពព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍អធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វដែលខ្ញុំគូរនេះនៅជាប់រហូតដល់ទីបំផុត កប្ប។
ដោយអានុភាពទានបរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ។
ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់ពេញបូរមី ខែកត្តិក រៀងរាល់ឆ្នាំ ខ្មែរយើងយកនំចំណី មានអំបុក និងចេកជាដើម មកបូជាព្រះចន្ទ ហៅថា ពិធីសំពះព្រះខែ អបអំបុក។