រកឃើញជ័យលាភីគម្រោងចិត្តដូចគ្នា រដូវកាលទី២

​គម្រោងចិត្តដូចគ្នា-ONE HEART PROJECT បាន រក​ឃើញ​ក្រុម​ជ័យ​លាភី​ក្នុង​រដូវកាលទី២។ ក្នុងចំណោម​ក្រុម​ជ័យ​លាភី ៦ក្រុម​ចុង​ក្រោយ ​មាន​តែបី​ក្រុម​តែប៉ុណ្ណោះដែ​លទ​ទួល​បាន​ចំណាត់ថ្នាក់គឺ៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម រោងជាង​។ ក្រុម​នេះបាន​ធ្វើស្លាក​សញ្ញា​ទេសចរណ៍​នៅ​រមណីយ​ដ្ឋាន​ចំបក់។ ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុម ទឹកចិត្តយុវជនកម្ពុជា។ ក្រុម​នេះ​បាន​កសាង​អណ្តូង​ទឹក​សម្រាប់​សហគមន៍ ដែលមានទីតាំងនៅខេត្តព្រៃវែង។ ចំណាត់​ថ្នាក់លេខ​៣ បាន​ទៅលើ​ក្រុម ជំនាន់ថ្មី។ ក្រុម​នេះបាន​សាង​សង់​ផែ​បណ្តែត​ទឹក​នៅ​ខេត្ត​​កំពង់ធំ។ កម្មវិធីនេះត្រូវបានប្រារព្វ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យបែលធីអន្តរជាតិ។​​

លោកស្រី ងួន សូនី ប្រធានគម្រោង បានមានប្រសាសន៍ថា «យើង​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់ និង​មាន​សមាជិក​រីក​លូតលាស់​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ ទាំង​ពីរ​ដូវកាល​ខ្ញុំបាន​សង្កេត​ឃើញ​ថា ប្អូនៗ​ទាំង​អស់​គ្នាដែល​បាន​ចូល​រួម​គឺសុទ្ធ​តែជា​យុវជន​គម្រូ និង​ឆ្នើម​របស់​កម្ពុជា​ដែល​បាន​ចូល​រួមទាំង​គិត ទាំងគូ ហើយ​ចេញ​ធ្វើសកម្មភាព​សម្រាប់ភាព​រីកលូតលាស់​របស់​កម្ពុជាពិ​ត​ប្រាកដ​មែន។ »

គម្រោងចិត្តដូចគ្នា ជាវេទិកា​ដែល​ផ្តល់​ឱកាស​ដល់​យុវជន​ក្នុងការ​អនុវត្ត​គម្រោង​ជាក្រុម​ ការ​គិតពិចារណា និង​ជាផ្នែក​នៃដំណោះស្រាយ។​ គម្រោង​ចិត្ត​ដូចគ្នា​សម្រាប់​រដូវកាល​ទី២ ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធាន​បទ «ដើម្បី​សង្គម​ជាតិ យើង​អាច​ធ្វើបាន​» បាន​ស្វែងរក​ក្រុម​យុវជន ៦ក្រុម​ចុង​ក្រោយ​ដើម្បី​ធ្វើ​គម្រោង​តាម​ទីតាំង​រៀងៗ​ខ្លួន។ យុវជន​តំណាង​ក្រុមម្នាក់​បាន​និយាយថា «យើង​ធ្វើ​គម្រោង​នេះ​មិន​បាន​គិត​ដល់​ការ​ប្រកួត​ប្រជែង​ទេ យើង​ធ្វើ​សកម្មភាព​ទាំង​នេះចេញ​ពី​បេះដូង​របស់​យើង​ក្នុង​ការ​ចូល​រួម​ជាផ្នែក​មួយ​ក្នុង​សង្គម។»​ ភាសា​នេះសា​មញ្ញ​តែមា​ន​អត្ថន័យ​ណាស់​​សម្រាប់​ប្អូនៗ​ជាយុវជន​ផ្សេងៗ​ទៀត​ក្នុង​ការ​បន្ត​ចូលរួម​ដើម្បីក​ម្ពុជា។​

គម្រោងចិត្តដូចគ្នា តែទទួលបានការគាំទ្រ ពីសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ជា​ហូរហែ។ មាន​កម្មវិធី​ជាច្រើន​ដែល ស.ស.យ.ក. តែង​តែលើក​ទឹក​ចិត្ត និង​គាំទ្រ​អោយ​ទទួល​បាន​ជោគ​ជ័យ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​មាន​ប្រសាសន៍ថា « សកម្មភាព​ដែល​យើង​ធ្វើទាំងអស់​មិន​មែន​ដើម្បី​ស្នាដៃ​នោះ​ទេ ហើយ​កុំគិត​ថា​វាជា​ការ​ប្រកួត​ប្រជែង វា​គឺ​ជា​ការ​ចូល​រួម​ពិត​ប្រាកដ​ក្នុង​សង្គម និង​ជាការ​សាកល្បងស​មត្ថភាព​នៃការដឹកនាំ (Leaders are those who do)​ និង​ភាព​ទទួលខុសត្រូវរបស់ខ្លួន​ថា តើ​យើង​ធ្វើបាន​ដែរ​ឬទេ? ថ្ងៃ​នេះ​ប្អូនៗ​បាន​បង្ហាញ​ខ្ញុំថា ប្អូនៗ​អាច​ធ្វើបាន​។ ប្អូនៗ​បាន​ផ្តល់​ទំនុកចិត្ត និង​ក្តី​សង្ឃឹម​ដល់​ខ្ញុំថា​កម្ពុជា​ពិត​ជា​មាន​សក្តានុពល​ធនធាន​មនុស្ស​ខ្ពស់​ប្រកប​ដោយ​ថាមភាព​ពិត​ប្រាកដ​មែន»។ 

«អ្វីដែលយើងត្រូវជឿជាក់ និង​ច្បាស់លាស់​គឺកូន​ខ្មែរ​មាន​សមត្ថភាព​មិន​ចាញ់​ប្រទេសណា​ទាំងអស់។ កុំ​មើល​ស្រាល​លើសមត្ថភាព​ខ្លួនឯង និង​កុំមើល​ស្រាល​លើសមត្ថភាព​កូនខ្មែរ។» ឯកឧត្តមបន្ថែម។

គម្រោងចិត្តដូចគ្នា ត្រូវបានយុវជន និងអ្នក​ចូល​រួម​កម្មវិធី​នៅព្រឹកនេះបានសំណូមពរ​សូមអោយ​មាន​ការ​សិក្សា​សម្រាប់​រដូវកាល​ទី៣ ជាប​ន្ត។