ចាប់ផ្តើម ​«ខែស្អាត» ជាមួយ​យុទ្ធនាការ​ភ្នំពេញស្អាត​ឆ្នាំទី២

យុទ្ធនាការភ្នំពេញស្អាត យុទ្ធនាការ​នៃការ​ផ្លាស់​ប្ដូរឥ​រិយាបទ​តាមរយៈការ​អប់រំ និងផ្សព្វផ្សាយ​ក្នុងការ​គ្រប់គ្រង​កាក​សំណល់​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅរាជធានី​ភំ្នពេញ​ ក្រោម​ពាក្យ​ស្លោក​៖ «សំរាម​មិនធ្លាក់​ដល់​ដី ភ្នំពេញ​កាន់​តែ​ប្រពៃ»។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​នូវ​រៀងរាល់ឆ្នាំ​ ក្នុង​អំឡុង​ខែវិច្ឆិកា ដែល​ត្រូវ​បាន​យុទ្ធនាការ​នេះប្រសិទ្ធនាម​​ថា​ជា​ ​«ខែស្អាត» ដែល​ក្នុងនោះ​ ឆ្នាំនេះគឺជាឆ្នាំទី២​ហើយនៃ ​យុទ្ធនាការភ្នំពេញស្អាត។ យុទ្ធនាការ​នេះ​នឹងត្រូវ​បាន​ប្រព្រឹត្​តឡើង​ពេញ​មួយ​ខែវិចិ្ឆកា ដោយ​ស្ម័គ្រចិត្ត និងដោយ​មាន​ការ​ចូលរួម​ពីសំណាក់ «យុវជន​សុឆន្ទៈស្អាត» ចំនួន ២០០នាក់ ដែល​ជាអ្ន​ក​ពាំនាំសារ​របស់​យុទ្ធនាការ​ និងបំពេញ​ការងារ​ស្ម័គ្រចិត្ត ដោយ​យោង​ទៅតាម​ផែនការ​សកម្មភាព ៩ ធំៗ មាន​ដូចជា៖ សិក្ខាសាលា​​​ស្ដីពីការ​បញ្ជ្រា​ប​ការអប់រំ​ទៅតាម​បណ្តា​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន (គ្រោង ៣៤ គ្រឹះស្ថានអប់រំ) វេទិកាវោហាសព្វ​ជាសាធារណៈ ការ​បំផុស​​យុទ្ធនាការ​​តាមរយៈ Social Media Challenge «ផ្ទះខ្ញុំស្អាត ភ្នំពេញស្អាត»​  ការ​បង្កើត​កម្មវិធីប្រកួត​ប្រជែង​វីដេអូ​អប់រំខ្លី បន្តការ​​ចុះ​​ផ្សព្វផ្សាយ​តាមរយៈការ​បិទ​ស្ទីគ័រ «ស្អាត» និងជំរុញ​ការ​ទទួល​យក​ទស្សនា​ទាន«ស្អាត» អោយ​បាន​ទូលំទូលាយ បន្ត​ការ​​ផ្សព្វផ្សាយ​​បទ​ចំរៀង​​ភ្នំពេញ​ស្អាត និងខ្លីប​​វីដេអូតុក្កតា​ខ្លីអប់រំពីការ​ថែរក្សា​អនាម័យ​ទីក្រុង តាមរយៈស្ថានីយ៍​ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ ។ល។

យុទ្ធនាការភ្នំពេញស្អាត ឆ្នាំទី២នេះ ត្រូវបាន​ចាប់ផ្តើមនា​ព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី០១​ ខែវិចិ្ឆកា​ ឆ្នាំ២០១៨ ​នៅសាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ដែល​ជា​ផ្នែក​មួយ​នៃ «គម្រោងស្អាត» ដែល​មានការ​ចូលរួម​ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី​ ប្រធានគណៈកម្មាធិការទី៧នៃរដ្ឋសភា ជា​ប្រធាន​សហភាព​​សហព័ន្ធ​​យុវជន​​​កម្ពុជា និង​ជា​សហស្ថានិក «គម្រោង​ស្អាត» ឯកឧត្តម​ George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺរ៉ុប​ប្រចាំ​ព្រះរាជា​ណាចក្រកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម ហួត ហៃ  អភិបាលរង​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បណ្តា​ក្រុមហ៊ុន​ឯកជន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថានទូត ម្ចាស់ឧបត្ថម្ភ​គម្រោង សិល្បករ សិល្បការិនី រួមទាំងសមាជិក សមាជិកា នៃក្រុម​ការងារ​ប្រតិបត្តិ​គម្រោងស្អាត យុវជនសុឆន្ទៈស្អាត។

យុទ្ធនាការ «យុទ្ធនាការភ្នំពេញស្អាត» មានទស្សនទាន​ចម្បងគឺ សំរាម​មិនមែន​ជា​របស់​នរណាម្នាក់ ពោល​​គឺវា​កើត​ចេញ​ពី​យើង​​ទាំងអស់​​គ្នា ​ដែល​ទាមទារ​អោយមានការចូលរួមចំណែកទទួលខុសត្រូវរួមគ្នាក្នុងទិសដៅរួមគ្នាគឺ «ស្អាត» បានន័យថា «គ្មានសំរាមពាសវាលពាសកាល»។ ជាមួយ​គ្នា​នេះ​ផងដែរ យុទ្ធនាការ​ដើម្បីបរិស្ថាន​នេះទទួល​បានការ​គាំទ្រ និងចូលរួម​ពីស្ថាប័ន​នានាដែល​មាន​ដូចជា៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង​បរិស្ថាន ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃទីក្រុងស្អាត រដ្ឋបាលរាជធានីភ្នំពេញ សភា​ពាណិជ្ជកម្ម​កម្ពុជា សមាគម​​សហគ្រិន​​ស្រ្ដី​កម្ពុជា សមាគម​​ភោជនីយដ្ឋាន​​កម្ពុជា សភា​ពាណិជ្ជក​ម្មអ៊ឺរ៉ុប សមាគម​សហគ្រិន​វ័យក្មេង និងសមាគម​និស្សិត​វិទ្យាសាស្រ្ដ​សេដ្ឋកិច្ច និង​ពាណិជ្ជសាស្រ្ដ​អន្ដរជាតិ​​នៅកម្ពុជា (AIESEC) និងស្ថាប័ន​​ផ្សេងៗ​ទៀត