រយៈពេល ១៤ឆ្នាំ ក្រោមម្លប់ព្រះបារមីដ៏ត្រជាក់ត្រជំរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ប្រជារាស្ត្រខ្មែរមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ មានជីវភាពកាន់តែសមស្រប មានសាមគ្គីភាពជាធ្លុងមួយក្នុងការដោះស្រាយបញ្ហាជាតិ ជាច្រើនដើម្បីភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ និងរហូតកម្ពុជាអាចពង្រីកនូវកេរ្តិ៍ឈ្មោះល្អរបស់ខ្លួនថែមទៀតនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាគោរពដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គក្នុងព្រះរាជសកម្មភាពនាំមកនូវវឌ្ឍនភាពដល់ព្រះរាជាណាចក្រកម្ពុជា ដោយចូលរួមការពារ និងលើកស្ទួយស្ថាប័នព្រះមហាក្សត្រ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបីឫទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យថ្វាយព្រះករុណាថ្លៃវិសេស នូវព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។