សុន្ទរកថា
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
ក្នុងពិធីអបអរសាទរខួបលើកទី៤១
នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា
២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០១៩
ជាបឋមសូមគោរព
- ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សា គណៈអភិបាលជាទីគោរព
- ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូតដែលមានវត្តមាននៅទីនេះ
- ឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
- សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសជាទីមេត្រី
ក្នុងឱកាសដ៏មហោឡារិកនៃខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស បានមកជួបជុំគ្នានៅថ្ងៃនេះ ក្នុងគោលបំណង៖
- ទី១-រំលឹកឡើងវិញនូវគុណូបការៈ ការលះបង់របស់យុវជនជំនាន់មុន និងបុព្វបុរសខ្មែរគ្រប់ជំនាន់
- ទី២-អបអរសាទរនូវសមិទ្ធផលនានាដែលយើងសម្រេចបានមកដល់ពេលនេះ
- និងទី៣-និងត្រៀមខ្លួនក្នុងការចូលរួមចំណែកដើម្បីនាំយកកម្ពុជាទៅអនាគតឲ្យកាន់តែល្អប្រសើរ
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលយើងទាំងអស់គ្នាបានមកជួបជុំគ្នា ជាមួយនឹងឯកសណ្ឋានខុសៗគ្នា តែក្នុងនាមជាយុវជនខ្មែរតែមួយ ដើម្បីរំលឹកឡើងវិញនូវគុណូបការៈ និងការលះបង់ដ៏ឧត្តុងឧត្តមរបស់បុព្វបុរសរបស់យើងដែលជាយុវជនជំនាន់មុន។
ថ្ងៃនេះក៏ជាឱកាសដ៏មហោឡារិករបស់យើងទាំងអស់គ្នា ក្នុងការបង្ហាញឲ្យឃើញថាកម្ពុជា បានធ្វើដំណើរឆ្ងាយប៉ុណ្ណាហើយរហូតដល់ពេលនេះ។
កាលពី ៦៦ឆ្នាំមុន កម្ពុជាទាមទារបានមកវិញនូវឯករាជ្យពេញលេញ ដែលជាការទទួលបាននូវសិទ្ធិស្វ័យសម្រេច និងភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិខ្លួន។ ក្នុងន័យនេះ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងមកជួបជុំគ្នានៅទីនេះ ថ្ងៃនេះ ដើម្បីរំលឹក ក៏ដូចជាបង្ហាញនូវការចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ច ប្រកបដោយវីរភាព ពលិកម្មដ៏ក្លៀវក្លា និងព្រះបញ្ញាញាណដ៏ឈ្លាសវៃរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបុព្វបុរសខ្មែរគ្រប់រូបនាពេលនោះ។
ក្រុមគ្រួសារ ស.ស.យ.ក. ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី!
៤១ឆ្នាំមុន សហភាពសហព័ន្ធយុវជនកម្ពុជាបានចាប់បដិសន្ធិឡើង។ ឆ្លៀតក្នុងឱកាសនៃការអបអរសាទរខួបកំណើតរបស់យើងនាថ្ងៃនេះ ខ្ញុំសូមរំលឹកឡើងវិញអំពីមូលហេតុ បរិបទ និងកាលៈទេសៈ ដែលជាហេតុនាំឲ្យមានការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា។ អ្វីទាំងនោះផ្តើមចេញពីរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលជំរុញឲ្យមានការកើនឡើងនូវឥទ្ធិពល រហូតដល់ការកាន់អំណាចរបស់ខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ស.ស.យ.ក. ដែលជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានកកើតឡើង ក្នុងបរិបទដែលរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងនោះ បានកាប់សម្លាប់ប្រជាជនខ្មែរស្លូតត្រង់អស់ប្រមាណជិត៣លាននាក់ ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
ខណៈពេល ដែលពិភពលោកមិនបានខ្វាយខ្វល់ទាល់តែសោះអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះនាពេលនោះ កម្ពុជាមិនមានជម្រើសណាផ្សេងក្រៅពីក្រោកឈរឡើងដោយខ្លួនឯង ហ៊ានលះបង់ ដោយយកជីវិតធ្វើជាដើមទុនដើម្បីរំដោះ សង្គ្រោះប្រជាជន និងកសាងជាតិឲ្យរស់ឡើងវិញ។ នេះជាហេតុផលដែលយើងត្រូវ ចងចាំថាអ្វីៗត្រូវចាប់ផ្តើមពីយើងខ្លួនឯងមិនថាកាលៈទេសៈណានោះទេ។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន នៅស្រុកស្នួល ខេត្តក្រចេះ។ ជាមួយជំនួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម ថ្នាក់ដឹកនាំនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានផ្តួលរំលំរបបខ្មែរក្រហម និងរំដោះកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលបានផ្តល់កំណើតទី២ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។
ទោះ ៤១ ឆ្នាំបានកន្លងផុតទៅ ស្មារតី ២ ធ្នូ នៅតែដក់ជាប់ជាមួយយើងខ្ញុំទាំងអស់គ្នា។ ថ្ងៃនេះ យើងទាំងអស់គ្នាប្តេជ្ញាបន្ត និងមិនឲ្យស្មារតី ២ ធ្នូ បាត់បង់បានឡើយ។
តើអ្វីជាស្មារតី ២ ធ្នូ?
សម្រាប់ខ្ញុំ ស្មារតី ២ ធ្នូ សំដៅដល់ “ការលះបង់ និងការដាក់ប្រយោជន៍បុគ្គលម្នាក់ៗដោយឡែក ហើយមករួបរួមគ្នា ពុះពារដើម្បីសម្រេចនូវបុព្វហេតុរួម នោះគឺសម្រាប់សង្គមជាតិ និងប្រជាជន”។
ក្នុងន័យនេះ យើងអាចសង្កេតបានថា ទោះបីយើងមានលទ្ធភាព ការងារ និងទំនួល ខុសត្រូវខុសៗគ្នា មាន ភេទ អាយុ ជំនឿសាសនាខុសៗគ្នា មិនថាយើងជាសិស្ស និស្សិត ជា គ្រូបង្រៀន ជាវេជ្ជបណ្ឌិត ជាកសិករ ជាកម្មករ ជាកីឡាករ ជាសិល្បករ ឬយើងជាធនធានក្នុងវិស័យឯកជន ឬមន្ត្រីរាជការសាធារណៈក៏ដោយ យើងសុទ្ធតែអាច និងបានដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងទៅម្ខាង ហើយមករួមគ្នាក្នុងឯកសណ្ឋាន ស.ស.យ.ក. តែមួយ ប្តេជ្ញា និងខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលមាននៅចំពោះមុខដើម្បីភាពរីកចម្រើននៃសង្គមជាតិយើង។
បច្ចុប្បន្ននេះ ស.ស.យ.ក. គឺជាអង្គការយុវជនដ៏ធំមួយក្នុងចំណោមស្ថាប័នយុវជនដទៃទៀត ដែលមានរចនាសម្ព័ន្ធចាត់តាំងនៅទូទាំងរាជធានី-ខេត្ត ទាំង២៥ និងមានតំណាងក្រុមការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋនានាផងដែរ។ ក្នុងរយៈពេល ៧ឆ្នាំកន្លងទៅនេះ ស.ស.យ.ក. បានចូលរួមចំណែកយ៉ាងផុសផុលក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គម ចាប់ពីកម្រិតមូលដ្ឋានរហូតដល់ថ្នាក់ជាតិ ដោយផ្តោតការយកចិត្តទុកដាក់សំខាន់លើការបង្កើតជាវេទិកាផ្សេងៗសម្រាប់ផ្សារភ្ជាប់យុវជនដែលមានចិត្តគំនិត ឆន្ទៈ និងបេះដូងក្នុងការចូលរួម និងតបស្នងត្រលប់ទៅសង្គមជាតិរបស់យើងវិញ។
ជាឧទាហរណ៍ ក្នុងចំណោមសកម្មភាពដែលយើងបានធ្វើនាពេលកន្លងមក រួមមាន៖
ក្នុងឆ្នាំ២០១៦ ស.ស.យ.ក. បានរៀបចំពិធីថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មី ដើម្បីសម្ដែងថ្វាយនូវកតញ្ញូកតវេទិតាធម៌ ចំពោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ជំនួសមុខឱ្យក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ទូលព្រះបង្គំជាខ្ញុំសូមចូលរួមអបអរសាទរពិធីបុណ្យខួបលើកទី១៥ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចយាយ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ចាកផុតនូវព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិបន្តព្រះរាជកិច្ចដ៏ឧត្តុងឧត្តមថ្លៃថ្លា ដឹកនាំនាវាកម្ពុជាទៅកាន់ជ្រោយវឌ្ឍនភាព និងសុភមង្គលព្រមទាំងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាអង្វែងតរៀងទៅ។
ក្រៅពីនេះ សកម្មភាពស.ស.យ.ក. ក៏បានរួមបញ្ចូលនូវសកម្មភាពលើកកម្ពស់ការយល់ដឹងទៅលើបញ្ហាសង្គមជាច្រើនទៀត ដែលក្នុងនោះរួមមាន ការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកលើកុមារ ហានិភ័យនៃជំងឺមហារីកមាត់ស្បូន សុវត្ថិភាពចរាចរណ៍ផ្លូវគោកការស្ម័គ្រចិត្តផ្តល់ឈាម ការយល់ដឹងផ្នែកបរិស្ថាន អនាម័យ និងយុទ្ធនាការដាំដើមឈើជាដើម។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងសង្រ្កាន្តតាមបណ្តារាជធានី-ខេត្ត ក៏បានរួមចំណែកយ៉ាងធំធេងផងដែរ ក្នុងការលើកកម្ពស់ការយល់ដឹងទៅលើការការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ក្នុងបរិបទនៃសាកលភាវូបនីយកម្ម។
ចំពោះវិស័យអប់រំ និងកីឡា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល វិស័យឯកជន និងភាគីពាក់ព័ន្ធនានា ស.ស.យ.ក. បានមានលទ្ធភាពចូលរួមចំណែកតាមរយៈកម្មវិធីអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការរៀបចំវគ្គបំប៉នថ្នាក់ទី១២ សម្រាប់សិស្សដែលត្រៀមប្រឡងបាក់ឌុបផងដែរ។ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់Soccer League និងការប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន គឺជាយន្តការមួយទៀតសម្រាប់មហាជន និងមន្ត្រីរាជការនៅតាមក្រសួង-ស្ថាប័នរដ្ឋ ដើម្បីជួប និងប្រាស្រ័យទាក់ទងគ្នាតាមរយៈការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈមិត្តភាព។
នៅថ្នាក់មូលដ្ឋានវិញ សមាជិក សមាជិកា ស.ស.យ.ក. ក្រៅពីបានចូលរួមសកម្មភាពជាច្រើនដូចជាការឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ការឧបត្ថម្ភជាសម្ភារៈដល់ចាស់ជរាក្រីក្រ ការជួសជុល ឬសាងសង់ផ្ទះជូនប្រជាពលរដ្ឋ សមាជិក សមាជិកាយើង ក៏បានចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានទាំងមុន អំឡុង និងក្រោយពេលគ្រោះមហន្តរាយនានាផងដែរ។ សកម្មភាពនៅតាមសហគមន៍ដ៏សំខាន់មួយទៀត គឺបេសកកម្មរបស់ក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ដែលតែងតែលះបង់ថវិកា កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ជាពិសេសពេលវេលាផ្ទាល់ខ្លួនពីការងារវិជ្ជាជីវៈប្រចាំថ្ងៃរបស់ខ្លួន ដោយមិនខ្លាចនឿយហត់ ដើម្បីធ្វើដំណើរទៅតាមមូលដ្ឋាន និងផ្តល់នូវសេវាពិនិត្យសុខភាពឥតគិតថ្លៃដោយផ្ទាល់ជូនប្រជាពលរដ្ឋនៅ ទូទាំងប្រទេស។
ក្នុងរយៈពេល៧ឆ្នាំនេះផងដែរ តាមរយៈសកម្មភាពរបស់យើង យើងមិនត្រឹមតែបានបង្កើត និងរក្សាទំនាក់ទំនងជាមួយយុវជនដែលមានឆន្ទៈរួមនៅក្នុងប្រទេសប៉ុណ្ណោះទេ តែ ស.ស.យ.ក. ក៏បានបង្កើតចំណងទំនាក់ទំនងជាមួយនឹងអង្គការយុវជននានា មិនថានៅថ្នាក់ជាតិ ឬអន្តរជាតិនោះទេ។ យើងបានពង្រឹង និងពង្រីកចំណងទំនាក់ទំនងជាមួយនឹងក្រុមប្រឹក្សាជាតិយុវជន និងអង្គការយុវជនជាច្រើនទាំងក្នុងតំបន់ និងនៅលើពិភពលោក។
ស.ស.យ.ក. នឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងល្អ ដែលយើងមានរវាងអង្គការចាត់តាំងយុវជន មិនត្រឹមសម្រាប់ថ្ងៃនេះ តែសម្រាប់ថ្ងៃអនាគតផងដែរ។
ក្នុងរយៈពេលដូចគ្នានេះ យើងក៏បានសម្រេចនូវសមិទ្ធផលគួរជាទីមោទនៈសម្រាប់ជាតិនោះគឺ ការបំបែកឯតទគ្គកម្មពិភពលោក (Guinness World Records)ចំនួន៤ ដែលរួមមាន៖ នំអន្សមយក្សដែលមានទម្ងន់ ៤០៤០ គីឡូក្រាម, ការរាំម៉ាឌីហ្សុនដែលមានអ្នកចូលរួមច្រើនជាងគេលើពិភពលោក (២០១៥ នាក់), ក្រមាវែងជាងគេនៅលើពិភពលោក ដែលមានប្រវែង ១១៤៩,៨ ម៉ែត្រ, និងទូក ង វែងជាងគេនៅលើពិភពលោក ដែលមានប្រវែង ៨៧,៣ ម៉ែត្រ។ ឯតទគ្គកម្មពិភពលោកទាំង៤នេះ បានបញ្ជាក់ច្បាស់ឲ្យយើងដឹងថា បើសិនជាយើងមានគំនិត គួបផ្សំនឹងការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ និងការតាំងចិត្តរួមគ្នា នោះយើងនឹងអាចសម្រេចអ្វីៗបានទាំងអស់។
ជារួម សកម្មភាពទាំងឡាយរបស់យើង ដែលរាប់តាំងពីព្រឹត្តិការណ៍ធំៗនានា រហូតដល់សកម្មភាពរបស់សមាជិកនៃក្រុមគ្រួសារ ស.ស.យ.ក. ម្នាក់ៗ នៅទូទាំងប្រទេស សុទ្ធតែមានសារៈសំខាន់ដូចគ្នា និងមិនអាចកាត់ថ្លៃបាន។ យើងសង្ឃឹមយ៉ាងមុតមាំថា ការលះបង់ការតាំងចិត្ត និងឆន្ទៈ ចំពោះសកម្មភាពស្ម័គ្រចិត្តរបស់យើង មិនត្រឹមតែជះឥទ្ធិពលវិជ្ជមានចំពោះសង្គមជាតិរបស់យើងប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់ភាពជាគំរូសម្រាប់យុវជនដទៃទៀតផងដែរ។ មិនតែប៉ុណ្ណោះ មិនថាសកម្មភាពក្នុងវិស័យណានោះទេ យើងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីនៃការយកចិត្តទុកដាក់ខ្ពស់ និងជំរុញទឹកចិត្តខ្លួនឯង ឲ្យក្លាយជាចំណែកនៃដំណោះស្រាយវិជ្ជមាន ជាជាងធ្វើជាបន្ទុក ឬអំរែករបស់សង្គមជាតិ។ ប្រាកដណាស់ សកម្មភាពទាំងអស់នេះក៏ជាការអប់រំនូវផ្នត់គំនិតយុវជនឲ្យចេះលះបង់ហើយចូលរួមចំណែកដើម្បីសម្រេចប្រយោជន៍រួមផងដែរ ដែលយើងសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបចាំទុកនូវស្មារតី២ធ្នូនេះជារៀងរហូត និងឈរលើមូលដ្ឋាននេះ ដើម្បីធ្វើការសម្រេចចិត្តនានាសម្រាប់សង្គមជាតិតទៅអនាគត មិនថាទាំងក្នុងជីវិតផ្ទាល់ខ្លួន និងជីវិតការងារ។
“ខ្ញុំពិតជាមានមោទនភាពក្នុងនាមជាសមាជិកម្នាក់នៃក្រុមគ្រួសារស.ស.យ.ក.របស់យើង”។
ក្រោមស្មារតីនេះ ក្នុងនាមថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាជិក សមាជិកាគ្រប់រូប ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក។ អ្នកទាំងអស់គ្នា គឺជាអ្នកដែលធ្វើឱ្យ ស.ស.យ.ក. បានរីកលូតលាស់ និងការទទួលស្គាល់ពីសង្គមជាបន្តបន្ទាប់មកដល់ពេលបច្ចុប្បន្ន ហើយខ្ញុំរីករាយនឹងនិយាយថា “ខ្ញុំពិតជាមានមោទនភាពក្នុងនាមជាសមាជិកម្នាក់នៃក្រុមគ្រួសារស.ស.យ.ក.របស់យើង”។ ខ្ញុំក៏សូមឆ្លៀតក្នុងឱកាសនេះផងដែរក្នុងការថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រជូនចំពោះអាណាព្យាបាលទាំងអស់ដែលជឿជាក់ ផ្តល់ទំនុកចិត្ត និងការគាំទ្រ ដោយបានអនុញ្ញាតឲ្យកូនៗរបស់អ៊ុំ ពូ មីង ចូលរួមធ្វើជាយុវជនស្ម័គ្រចិត្ត និងជាចំណែកមួយនៃក្រុមគ្រួសារ ស.ស.យ.ក.។
ខណៈពេលដែលយើងកំពុងអបអរសាទរ នូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ ស.ស.យ.ក. នាពេលកន្លងមកនេះ យើងក៏បានដឹង និងទទួលស្គាល់ផងដែរថាមានអង្គការ សមាគម និងក្រុមយុវជន ដែលមានបេសកកម្ម និងបុព្វហេតុប្រហាក់ប្រហែលទៅនឹង ស.ស.យ.ក. ដែលបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជះឥទ្ធិពលជាវិជ្ជមានចំពោះសង្គមជាតិរបស់យើង។ ស.ស.យ.ក. សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ស្ថាប័នទាំងអស់ ហើយយើងក៏សូមស្វាគមន៍ និងត្រៀមខ្លួនក្នុងការសហការគ្នាដើម្បី
ផលប្រយោជន៍ និងបេសកកម្មរួមក្នុងបុព្វហេតុជាតិមាតុភូមិរបស់យើងទាំងអស់គ្នា។
ទោះយើងមកពីស្ថាប័នផ្សេងៗគ្នា មានអត្តសញ្ញាណផ្សេងៗគ្នា មានសាវតារ និងក្តីស្រមៃរៀងៗខ្លួន យ៉ាងណាក្តី ក៏ខ្ញុំនៅតែមានជំនឿថា យើងមានគំនិតរួម និងយល់ស្របជាមួយគ្នាថាអ្វីដែលយើង បាន និងកំពុងធ្វើទាំងអស់នោះ ពិតជាបានក្លាយជាប្រយោជន៍រួមសម្រាប់សង្គមនៅថ្ងៃនេះ និងទៅថ្ងៃអនាគត ហើយក៏បានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈ និងការគិតគូររបស់យើងក្នុងភាពជាពលរដ្ឋដែលមានទំនួលខុសត្រូវរបស់ពួកយើងចំពោះប្រទេសជាតិ។
អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ បើទោះជាយើងបានយកឱកាសនេះដើម្បីរំលឹកឡើងវិញនូវគុណូបការៈរបស់បុព្វបុរសយើង ក៏ដូចជាអបអរសាទរនូវរាល់សមិទ្ធផលដែលយើងសម្រេចបាន ប៉ុន្តែយើងក៏គួរតែសម្លឹងមើលទៅមុខទៀត ហើយត្រូវត្រៀមខ្លួនដើម្បីបន្តចូលរួមចំណែកសម្រាប់អនាគតរបស់ប្រទេសជាតិយើង។ ទោះយើងធ្វើក្នុងនាម ស.ស.យ.ក. ឬក្នុងនាមខ្លួនឯងផ្ទាល់ក៏ដោយ តែរាល់ការសម្រេចចិត្ត និងការចូលរួមរបស់យើងនៅថ្ងៃនេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវដ៏ត្រឹមត្រូវមួយសម្រាប់អនាគតកម្ពុជា។
ពិតណាស់ថា យើងមិនអាចទាយទុកជាមុននូវអ្វីដែលនឹងកើតឡើងចំពោះយើងក៏ដូចជាសង្គមជាតិយើងនាពេលអនាគត ប៉ុន្តែខ្ញុំមានជំនឿយ៉ាងមុតមាំថាក្នុងអំឡុងពេលតែមួយនៃការរួមចំណែករបស់យើងក្នុងដំណើរឆ្ពោះទៅមុខ សមាជិក សមាជិកា ទាំងអស់ត្រូវចងចាំនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ប្រធានទី១ របស់ស្ថាប័នយើង គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានថ្លែងក្នុងពិធីបិទមហាសន្និបាតលើកទី៤របស់ ស.ស.យ.ក. កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ថា “យុវជនគួរចូលរួមចំណែកក្នុងការថែរក្សា ការពារ សន្តិភាព និងស្ថិរភាពជាតិ ក៏ដូចជាចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកការសម្រេចបាននូវទស្សនៈវិស័យ ២០៥០”។
ក្នុងស្មារតីនេះ យើងត្រូវត្រៀមខ្លួន និងប្តេជ្ញា ថា៖
១. ការពារនូវអធិបតេយ្យជាតិ បូរណភាពទឹកដី និងការពារឲ្យបានដាច់ខាតនូវភាពសុខដុមរមនារបស់សង្គម
២. ចូលរួមឲ្យអស់ពីសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើង
៣. បន្តរួមចំណែកជាវិជ្ជមានតាមរយៈសកម្មភាពស្ម័គ្រចិត្តរបស់យើងទាំងអស់គ្នា
ប្រវត្តិសាស្រ្តជាច្រើនរយឆ្នាំរបស់កម្ពុជា ជាពិសេសក្នុងរយៈពេល១០០ឆ្នាំចុងក្រោយនេះ បានបង្រៀនយើងថា ការប្រែប្រួលឥតឈប់ឈរនៃភូមិសាស្រ្តនយោបាយមានសារៈសំខាន់ណាស់ដែលតម្រូវឲ្យយើងត្រូវចេះតាមដាន និងយកចិត្តទុកដាក់ខ្ពស់។ ក្នុងចន្លោះពេល នៃសម័យអាណានិគមនិយម និងសម័យសង្គ្រាមត្រជាក់ ប្រទេសកម្ពុជាបានទទួលនូវមេរៀនដ៏ជូរចត់ជាច្រើន និងបានឆ្លងកាត់ភាពលំបាកលំបិន និងភាពច្រំដែលនៃអស្ថិរភាព ក្តីវិនាសអន្តរាយ និងការរងទុក្ខវេទនា ដ៏ច្រើនឥតគណនា។ ផ្អែកលើបរិបទនេះហើយដែលប្រជាជនកម្ពុជាទាំងអស់បានយល់យ៉ាងច្បាស់ពីតម្លៃមិនអាចខ្វះបាននៃសុខសន្តិភាព និងស្ថិរភាពទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ បច្ចុប្បន្នកម្ពុជាកំពុងតែសប្បាយរីករាយជាមួយនឹងសន្តិភាពពេញលេញ និងស្ថិរភាពដ៏រឹងមាំ ដែលអនុញ្ញាតឲ្យយើងអាចរក្សាបានទំនាក់ទំនងលើឆាកអន្តរជាតិនៅគ្រប់កម្រិតទាំងអស់ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកការយល់ពីគ្នា និងកិច្ចសហប្រតិបត្តិការដើម្បីប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនរបស់យើងទាំងអស់គ្នា។
ក្នុងន័យនេះផងដែរ ភាពសុខដុមរមនានៃសង្គមក៏រឹងរឹតតែមានសារៈសំខាន់។ មេរៀនកាលពីអតីតកាល ក្នុងនោះរាប់តាំងពីព្រឹត្តិការណ៍ដែលឈានទៅដល់ការធ្វើរដ្ឋប្រហារនា ឆ្នាំ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ រហូតដល់មេរៀនថ្មីៗដែលបានកើតឡើងមុន និងក្រោយពេលបោះឆ្នោតសាកល ក្នុងឆ្នាំ២០១៣ បានបង្រៀនយើងឲ្យស្គាល់ថានយោបាយដែលគ្មានភាពទទួលខុសត្រូវ សកម្មភាពគ្រប់រូបភាពដែលផ្ទុយពីច្បាប់ ការប្រមាថព្រះមហាក្សត្រ ការបញ្ឆេះឲ្យមានការស្អប់ខ្ពើមជាតិសាសន៍ ការទាមទារដែលគ្មានទំនួលខុសត្រូវ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងផលប្រយោជន៍ជាតិ អាចនឹងធ្វើឱ្យមានការគំរាមកំហែងរយៈពេលវែងចំពោះ សន្តិភាព ស្ថិរភាព និងភាពសុខដុមរមនានៃសង្គម ដែលជាមូលដ្ឋានគ្រឹះ និងជាបុរេលក្ខខណ្ឌក្នុងការធានាឲ្យបានការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរុងរឿងរបស់ប្រទេស។ ក្នុងន័យនេះ ស.ស.យ.ក. សូមបញ្ជាក់នូវការប្តេជ្ញាចិត្ត និងជំហររឹងមាំឥតងាករេ ថាយើងនឹងបន្តខិតខំប្រឹងប្រែងទោះក្នុងតម្លៃណាក៏ដោយ ការពារឲ្យបាននូវឯករាជភាព បូរណភាពទឹកដី និងការពារនូវសុខដុមរមនានៃសង្គមសម្រាប់ប្រជាជនយើង និងប្រឆាំងដាច់ខាតនូវរាល់ការគំរាមកំហែងគ្រប់រូបភាពទាំងអស់ទាំងក្នុង និងក្រៅប្រទេស។
ក្នុងទិដ្ឋភាពសេដ្ឋកិច្ច កម្ពុជាបានដាក់ចេញនូវគោលដៅ និងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹម ឆ្នាំ២០៣០ និងទៅជាប្រទេសអភិវឌ្ឍន៍ត្រឹមឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត គោលនយោបាយជាតិ និងផែនការសកម្មភាព ចំពោះ វិស័យអាទិភាពពាក់ព័ន្ធនានាដែលជាផែនទីចង្អុលផ្លូវក្នុងការធានានូវសង្គតិភាព និងនិរន្តរភាពនៃដំណើរឆ្ពោះទៅសម្រេចបានគោលដៅ និងសមិទ្ធផលទាំងនេះ។
ក្នុងន័យនេះ នៅរៀងរាល់អាណត្តិនីមួយៗ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ ដោយបានរួមបញ្ចូលផងដែរនូវយន្តការគ្របដណ្តប់គ្រប់ជ្រុងជ្រោយសម្រាប់កម្មវិធីកំណែទម្រង់រដ្ឋជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាត្រៀមខ្លួនសម្របទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ និងពិភពលោក។ ដោយមានយន្តការ និងការអនុវត្តច្បាស់លាស់ យើងមើលឃើញថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំពង្រឹង និងពង្រីកសក្តានុពលជាតិ ដើម្បីធានាឲ្យបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំមួយ ឆ្ពោះទៅការសម្រេចបានគោលដៅឆ្នាំ២០៣០តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការធ្វើឲ្យមានប្រសិទ្ធភាពក្នុងការចំណាយ ការវិនិយោគសាធារណៈ និងការធ្វើឲ្យប្រសើរឡើងនូវវិស័យហិរញ្ញវត្ថុ សាធារណៈ ជាពិសេសចំពោះវិស័យដែលផ្តល់ប្រាក់ចំណូលដល់ថវិកាជាតិ។
នៅក្នុងដំណើរឆ្ពោះទៅកាន់គោលដៅនេះ យើងរំពឹងថានឹងអាចប្រែក្លាយប្រទេសកម្ពុជាដែលធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្មជាស្នូលសេដ្ឋកិច្ច ទៅជាប្រទេសនាំចេញផ្នែក កសិ-ឧស្សាហកម្ម និងឧស្សាហកម្មធុនមធ្យម ដោយរាប់បញ្ចូលនូវការចាប់យកបច្ចេកវិទ្យាថ្មីៗ ដូចបានដាក់ចេញក្នុង“ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥” ក្នុងពេលតែមួយជាមួយនឹងការធ្វើពិពិធកម្មទីផ្សារ និងស្វែងរកទីផ្សារនាំចេញថ្មី ។ ទោះបីយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងនេះពឹងផ្អែកសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ដែលជាមូលដ្ឋានខ្វះមិនបានក្នុងបរិបទសេដ្ឋកិច្ច-សង្គម និងនយោបាយកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាក្នុងរយៈពេល៣ទសវត្សរ៍ទៅមុខទៀត។ ដូច្នេះវាពិតជាមានសារៈសំខាន់ដែលយើងត្រូវអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ បង្កើនជំនាញវិជ្ជាជីវៈ និងបង្កើនផលិតភាពរបស់ធនធានមនុស្សវ័យក្មេង និងមានសក្កានុពលរបស់ប្រទេស ព្រោះថាពួកគេនឹងក្លាយជាកត្តាកំណត់សម្រាប់កំណើនសេដ្ឋកិច្ច។
ចំពោះទិដ្ឋភាពសង្គម ស.ស.យ.ក. សូមបញ្ជាក់យ៉ាងមុតមាំនូវឆន្ទៈរបស់យើងក្នុងការថែរក្សា និងបន្តស្មារតី ២ ធ្នូ ដែលបានចាប់ផ្តើមកាលពី៤១ឆ្នាំមុន។ យើងនឹងព្យាយាមឲ្យអស់លទ្ធភាពក្នុងការបន្តផ្តល់វេទិកានានា ដែលជាឱកាសសម្រាប់យុវជនក្នុងការចូលរួមចំណែកដើម្បីសង្គមជាតិ។ ដូចអ្វីដែលយើងបានប្រឹងប្រែងធ្វើក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ យើងសង្ឃឹមថា វាមិនត្រឹមតែបានផ្តល់ផលវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានផ្តល់ភាពជាគំរូក្នុងការជំរុញយុវជនផ្សេងទៀតឲ្យចេះយកចិត្តទុកដាក់ ចេះខ្វាយខ្វល់ ជាមួយស្មារតីសុទិដ្ឋិនិយម ក្តីសង្ឃឹម ចំពោះសង្គមជាតិ ហើយប្រែក្លាយខ្លួនឲ្យទៅជាអ្នកដឹកនាំ ដែលមានទំនួលខុសត្រូវមួយ មិនថាក្នុងដំណាក់កាលនេះ ឬទៅថ្ងៃអនាគតនោះទេ។ ទោះជាយើងមានក្តីស្រមៃផ្សេងគ្នា ប៉ុន្តែយើងសុទ្ធតែមានឆន្ទៈដូចគ្នាក្នុងការរួមចំណែកថែរក្សា និងកសាងសង្គមកម្ពុជាដ៏រឹងមាំមួយ ដែលមានប្រជាជនពោរពេញដោយសមត្ថភាព និងប្រកបដោយធម៌ ហើយគ្រប់កាលៈទេសៈទាំងអស់ យើងតែងមានមោទនភាពចំពោះអត្តសញ្ញាណ និងប្រវត្តិសាស្រ្តរបស់ខ្លួន។
ស.ស.យ.ក. ជឿជាក់លើព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមជាយុវជនខ្មែរ យើងបានយល់យ៉ាងច្បាស់ពីពលិកម្មដែលមិនអាចកាត់ថ្លៃបានទាំងឡាយ ដែលបាននាំឲ្យកម្ពុជាបានមកដល់ថ្ងៃនេះ។ លើសពីនេះទៅទៀត យើងក៏យល់ផងដែរថា ភាពរីកចម្រើនដែលយើងមានសព្វថ្ងៃនេះ មិនមែនកើតចេញពីសំណាង ឬភាពចៃដន្យនោះទេ តែវាបានកើតចេញពីផែនការ និងការអនុវត្តច្បាស់លាស់។ យើងទទួលបានសមិទ្ធផលដ៏អស្ចារ្យក្នុងរយៈពេល៤១ឆ្នាំ កន្លងមកនេះ ដែលយើងត្រូវទទួលស្គាល់ ប៉ុន្តែយើងក៏មិនអាចស្កប់ស្កល់ត្រឹមនេះដែរ ព្រោះថា យើងនៅមានកិច្ចការ និងបញ្ហាជាច្រើនទៅមុខទៀតដែលត្រូវបំពេញ និងដោះស្រាយបន្តទៅមុខ។
មិត្តភក្តិបរទេសទាំងអស់ជាទីមេត្រី អ្នកទាំងអស់គ្នាពិតជាបានយល់ច្បាស់ពីការហែលឆ្លងកាត់របស់កម្ពុជា និងដឹងថាតើកម្ពុជាបានខិតខំពុះពារឆ្លងកាត់ឧបសគ្គជាច្រើនយ៉ាងណាទម្រាំបានមកដល់សព្វថ្ងៃ។ បើទោះបីជាយើងមិនរស់នៅក្នុងអតីតកាលក្តី តែសោកនាដកម្មដែលយើងបានឆ្លងកាត់ គឺជាបណ្តាសាផង និងជាពរជ័យផង ដែលធ្វើឲ្យយើងរឹងមាំ និងមានភាពច្បាស់លាស់ដែលបាននាំយើងមកដល់ថ្ងៃនេះ។ សូមអ្នកទាំងអស់គ្នាជឿជាក់ថា កម្ពុជាចង់បានតែមិត្តភក្តិប៉ុណ្ណោះដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីប្រយោជន៍រួមទាំងអស់គ្នា។ នេះគឺជាជំហរ របស់យើង។ យើងមានជំនឿយ៉ាងមុតមាំលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គាំទ្រលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍នៃសង្គមនីតិរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ យើងក៏មានជំនឿយ៉ាងមុតមាំផងដែរថាសន្តិភាព និងស្ថិរភាពគឺជាបុរេលក្ខខណ្ឌចាំបាច់ក្នុងការធានានូវសេចក្តីសុខ សុភមង្គលរបស់ប្រជាជនយើង ហើយសន្តិភាព និងស្ថិរភាព នេះក៏ជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និងភាពរុងរឿងរបស់កម្ពុជាយើងផងដែរ។ កម្ពុជាដែលមានសុខសន្តិភាព និងភាពរីកចម្រើន គឺជាគោលដៅដែលយើងចង់បានទាំងអស់គ្នា។
មេរៀនទាំងឡាយដែលបានធ្វើឲ្យយើងមានមោទនភាពផង ឬមានការសោកស្តាយផងនោះនឹងស្ថិតនៅជាមួយយើងទាំងអស់គ្នា។ យើងជាប្រជាជនខ្មែរត្រូវសម្រេចចិត្តលើជោគវាសនាប្រទេសជាតិរបស់យើង ហើយយើងត្រូវតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះគោលដៅរបស់យើង។ យើងបានធ្វើដំណើរមកឆ្ងាយហើយ ហើយយើងក៏សម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ជាតិមាតុភូមិយើង។ ប៉ុន្តែចូរកុំភ្លេចថា នៅមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ ដែលក្នុងន័យនេះ យើងត្រូវរំលឹកខ្លួនឯងជាប់ជានិច្ចថា សង្គមអនាគតនឹងអាចប្រែប្រួលទាំងលើទិដ្ឋភាពឱកាស និងបញ្ហាប្រឈម ដែលទាមទារឲ្យយើងមិនត្រឹមតែត្រៀមខ្លួនដើម្បីទប់ទល់ប៉ុន្តែថែមទាំងប្រើប្រាស់ឲ្យអស់សមត្ថភាព និងឆន្ទៈមនសិការ ដើម្បីកែប្រែបញ្ហាប្រឈមទាំងនោះ ទៅជាកាលានុវត្តភាពថ្មីសម្រាប់ការរីកចម្រើនរបស់ជាតិយើងបន្តទៅទៀត។
អនាគតរបស់សង្គមជាតិ និងសុភមង្គលរបស់ប្រជាជន គឺមានសារៈសំខាន់បំផុត ដែលមិនអាចបណ្តោយទៅតាមយថាហេតុ ឬឲ្យមានភាពចៃដន្យណាមួយកើតឡើងធ្វើឲ្យប៉ះពាល់នោះទេ។ ប្រាកដណាស់ពេលនេះ ពេលដែលកម្ពុជារីករាយនឹងសន្តិភាព ស្ថិរភាព តែវាក៏ជាពេលវេលាដ៏សំខាន់ដែលយុវជនកម្ពុជាត្រូវតែគិតបន្ថែមទៀតអំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួនដើម្បីសង្គមជាតិយើង។