បើសិនជាបេក្ខជន ឬក៏អនុរក្ស បានធ្វើខុសនឹងបទប្បញ្ញតិ្តបុគ្គលត្រូវទទួលទោសជាវិន័យរបស់ក្រសួងអប់រំ យុវជន និងកីឡា

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា​ ក្នុងការ​សង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាខែសីហាខាងមុខ បានរៀបចំឡើងនៅថ្ងៃនេះ នៅរាជធានី​ភ្នំពេញ។

ACU_1

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់អោយដឹងថានេះជាឧកាស ដែលយុវជនកម្ពុជា បាន​ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងដំណើរកំណែទម្រង់វិស័យអប់រំជាពិសេសគឺការសម្រេចបាននូវទិសស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន គឺ អ្នកចេះគឺជាប់។ក្នុងឧកាសនោះ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថាក្នុងសង្គម ក៏ដូចជាពេលប្រឡង មនុស្សម្នាក់ៗ រស់នៅក្រោមច្បាប់។បើសិនជាបេក្ខជន ឬក៏អនុរក្ស បានធ្វើខុសនឹងបទប្បញ្ញតិ្តបុគ្គល​ត្រូវទទួលទោសជាវិន័យ​របស់ក្រសួងអប់រំ ដូចជាករណីមិនឲ្យយកទូរស័ព្ទចូលមណ្ឌលប្រឡងទេ។

ACU2

ឯកឧត្តម បានបន្តថា នៅពេលដែល​គេឆែករកឃើញ​ទូរស័ព្ទឬរបស់ហាមឃាត់ផ្សេងទៀត នៅក្នុងបន្ទប់ប្រឡង ឬក៏បើកចាក់ គឺត្រូវទទួលទោស​របស់ក្រសួងអប់រំសម្រេច​ឲ្យធ្លាក់​ដោយ​ស្វ័យប្រវត្តិតែម្តង ប៉ុន្តែមានទោសខ្លះគេឲ្យធ្លាក់មួយមុខវិញ្ញាសា មិនមែនឲ្យធ្លាក់ទាំងស្រុងទេ។ឯកឧត្តមទេស​រដ្ឋ​មន្ត្រីបានបន្តថា ទោសក្នុងពេលប្រឡងបើពាក់ព័ន្ធជាមួយច្បាប់របស់អង្គភាព ប្រឆាំងអំពើពុករលួយគឺត្រូវបញ្ជូនទៅតុលាការ និងជាប់ពន្ធនាគាររយៈពេល ៦ ខែ ឬមួយឆ្នាំផងដែរ។

ACU5

សូមបញ្ចាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា​ និងអង្គភាពប្រឆាំងអំពើ​ពុករលួយបានឆ្លងកាត់បទពិសោធន៍រួមគ្នា ក្នុងដំណើរ ការសង្កេតការណ៍ប្រឡង មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៣-២០១៤កន្លងមក ហើយ ការចុះអនុស្សារណៈយោគយល់ រវាងស្ថាប័ន ទាំងពីរនា ពេលនេះ គឺអង្គភាពប្រឆាំងអំពើ​ពុករលួយ​បន្តផ្តល់ទំនុកចិត្ត និងជំនឿលើការចូលរួមរបស់យុវជនកម្ពុជា ក្នុងការរួមចំណែក អភិវឌ្ឍន៍ជាតិ។ ចំពោះ​សហភាព​សហព័ន្ធយុវជនកម្ពុជា ឱកាសនេះគឺជាពេលវេលាដ៏សំខាន់សម្រាប់យុវជន យើងអាចចូលរួមចំណែករបស់ខ្លួនក្នុងការជំរុញវិស័យអប់រំនៅកម្ពុជា ហើយច្បាស់ណាស់វាជាផ្នែកមួយនៃការចូលរួម លើកស្ទួយកិត្យានុភាព របស់កម្ពុជាទាំងមូល តាមរយៈការបង្ហាញពីសក្តានុពលដ៏ខ្លាំងក្លារបស់ធនធានមនុស្សកម្ពុជា។ មកដល់ ថ្ងៃទី១៥ ខែកក្កដានេះ មានយុវជន បានមក ចុះឈ្មោះជាអ្នកសង្កេតការណ៍ដោយស្ម័គ្រចិត្តជិត ៣ ពាន់ហើយ ហើយសង្ឃឹមថា នៅឆ្នាំ២០១៥ នេះនឹងមានអ្នកសង្កេតការណ៍ច្រើនជាងឆ្នាំមុន ខណៈដែលឆ្នាំ២០១៤មានអ្នកសង្កេតការណ៍ប្រមាណ ៤ពាន់នាក់ ដែលមកពីគ្រប់មជ្ឈដ្ឋាន រួមទាំងអង្គការសង្គមស៊ីវិលផងដែរ។

ACU3