លោក ហ៊ុន ម៉ានី៖ ចិនជាប្រទេសដ៏ធំ និងមានអំណាចសេដ្ឋកិច្ចខ្លាំង ប៉ុន្តែមិនរើសអើងនឹងប្រទេសតូច

ទីក្រុងណាននីងខេត្តក្វាងស៊ី: ក្នុងជំនួបជាមួយនឹងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ​សញ្ជាតិ“Guangxi University for Nationalities” នៃខេត្តក្វាងស៊ីGuangxi សាធារណរដ្ឋប្រជាមានិតចិនកាលពីព្រឹកថ្ងៃ​សុក្រទី៩​ ខែមករាឆ្នាំ២០១៥លោកហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធ​យុវជន​កម្ពុជានិងជា​ប្រធាន​​​​គណៈ​ប្រតិភូយុវជន កម្ពុជាមានប្រសាសន៍ថា“ប្រទេសចិនជាប្រទេសធំនិងមានអំណាចសេដ្ឋកិច្ច​ខ្លាំងប៉ុន្តែមិនដែលរើសអើងនឹងប្រទេសតូចឡើយ” រួមទាំង​ប្រទេស​កម្ពុជាផងដែរ។

លោកហ៊ុន​ ម៉ានីបានមានប្រសាសន៍ដូចនេះក្នុងឱកាសបំពេញទស្សនកិច្ចនៅ​សាកល​វិទ្យាល័យ​សញ្ជាតិនៃទីក្រុងណាននីងក្នុងគោលបំណងដើម្បីសិក្សាស្វែង​យល់ពីបញ្ហានានា​របស់​យុវជននិង​ដើម្បី​សួរសុខទុក្ខ​និស្សិត​កម្ពុជា​ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យនេះ។នៅក្នុងជំនួបជាមួយសមភាគីរបស់​លោក​គឺឯកឧត្តម Zhong Haiqing សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសញ្ជាតិលោកហ៊ុន​ ម៉ានី​ បាន​លើក​ឡើងពីកិច្ចសហប្រតិបត្តិការល្អ​ ​រវាងប្រទេសទាំងពីរជាពិសេស ការយកចិត្តទុកដាក់របស់​ប្រទេសចិន​ក្នុង​ការជួយអភិវឌ្ឍ​សមត្ថភាព​យុវជន​កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍និងការបង្កើ​ត​ឲ្យ​មានកម្មវិធី​ផ្លាស់​​ប្តូរយុវជននាពេល កន្លងមក។ លោកបានគូសបញ្ជាក់ថាការយកចិត្តទុកដាក់ចំពោះយុវជន​គឺ​មានសារៈ​សំខាន់​ណាស់ព្រោះពួកគេគឺ​ជាយុវជននាពេលបច្ចុប្បន្ននិងជាអ្នក​ដឹកនាំនា ពេលអនាគតដែលនឹងត្រូវជា​អ្នក​បន្តអភិវឌ្ឍនិងធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។​​ ក្នុងទិសដៅនេះលោកហ៊ុនម៉ានី​ បានស្នើឲ្យសាកល វិទ្យាល័យពិចារណាបន្ថែមចំនួនអាហារូបករណ៍​ដល់​​យុវជន​កម្ពុជានិងជួយ​បន្ត​ការ​យក​​ចិត្តទុក​ដាក់​ចំពោះ​និស្សិតកម្ពុជាប្រមាណ៤៣នាក់់ដែលកំពុង​​សិក្សា​​​នៅក្នុង​សាកល​វិទ្យាល័យ​នោះ​ ។​

ជាការឆ្លើយតបឯកឧត្តម​ Zhong Haiqin សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសញ្ជាតិ​ ​បាន​ទទួល​យក​​សំណើ​នេះនិងបានធ្វើការប្តេជ្ញាចិត្តក្នុងការជំរុញឲ្យមានកិច្ច សហប្រតិបត្តិការកាន់តែ​ទូលំទូលាយ​ជាមួយ​បណ្តា​​​គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។​

គួរបញ្ជាក់ថាសាកលវិទ្យាល័យសញ្ចាតិនៃទីក្រុងណាននីងបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា​ប្រមាណ២៦នាក់ជារៀងរាល់ឆ្នាំ។រហូតមកដល់ពេលនេះមាន និស្សិតកម្ពុជាចំនួន២១៤នាក់ហើយដែល​បាន​​​​ទទួល​អាហារូបករណ៍ពីសាកលវិទ្យាល័យនេះ។ជាងនេះទៅទៀតសាកលវិទ្យាល័យសញ្ជាតិនៃ​ខេត្ត​ក្វាង​​ស៊ី​ បានបើក កម្មវិធីសិក្សាភាសាខ្មែរ​តាំងពីឆ្នាំ​​២០០០​​​ ដែលនិស្សិតនៅក្នុងកម្មវិធីនោះ​ត្រូវ​សិក្សា​រ​យៈ​ពេល៣ឆ្នាំនៅក្នុងប្រទេសចិននិង​១ឆ្នាំនៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញប្រទេស កម្ពុជា។

C2 C3 C4 C5