ពិធីគោរពវិញ្ញាណក្ខន្ទ និងបង្សុកូលឧទ្ទិសកុសលជូនដល់ជងរងគ្រោះ

ពិធីគោរពវិញ្ញាណក្ខន្ទ និងបង្សុកូលឧទ្ទិសកុសលជូនដល់ជងរងគ្រោះ​ និងយុទ្ធជន ដែលបានពលីជីវិតក្នុង បុព្វហេតុជាតិមាតុភូមិក្នុងរបបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែមករាឆ្នាំ២០១៥ ក្រោមអធិបតីភាព​ លោក ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ក្នុងអង្គពិធី ដែលមានសមាជិក សមាជិកា និងមហាជនចូលរួមប្រមាណ ៤០០នាក់។លោក ហ៊ុន ម៉ានី បានសម្តែងនូវភាពក្តុកក្តួលឥតឧបមារ ចំពោះការពលិជីវិតយ៉ាងអយុត្តិធម៌របស់ប្រជាពល​រដ្ឋកម្ពុជាប្រមាណជាង ២ លាននាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដ៏យង់ឃ្នង និងអមនុស្សធម៌បំផុតក្នុងប្រវត្តិសាស្រ្តកម្ពុជា និងមនុស្សជាតិ។ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ដូចសព្វមួយដង ពិធីគោរពវិញ្ញាណក្ខន្ធនាពេលនេះ​ធ្វើឡើង ក្នុងគោលបំណង​ដើម្បីបញ្ជាក់ឲ្យច្បាស់ថា បើទោះជា យុវជនជំនាន់ក្រោយ កំពុងរស់នៅបានយ៉ាងសុខសាន្ត ក្រោមពន្លឺនៃសន្តិភាព សេរីភាព និងការអភិវឌ្ឍ យុវជនយើង ពិតជាមិនអាចភ្លេចបាននូវអតីតកាលដ៏ខ្មៅងងឹត ពោរពេញទៅដោយការឈឺចាប់ខ្លោចផ្សាររកទីបំផុតគ្មាន ដែលបង្កឡើងដោយសង្គ្រាម និងអំពើប្រល័យពូជសាសន៍របស់ ប៉ុលពត ​បានឡើយ។

គួររំលឹកថា បឹងជើងឯក ដែលជាទីតាំងនៃការប្រារព្វពិធីនាថ្ងៃនេះ ធ្លាប់ជាតំបន់ប្រវត្តិសាស្រ្តបុរាណ​វិទ្យាមួយ ដែលត្រូវបានពួកខ្មែរក្រហម ប្រែក្លាយទៅជាកន្លែងសម្លាប់មនុស្សដ៏សាហាវព្រៃផ្សៃបំផុត។ ​ជនរងគ្រោះរួមមានទាំងចាស់ ក្មេង ប្រុស ស្រី ភាគច្រើនជាសាស្ត្រាចារ្យ បញ្ញាវន្ត និងនិស្សិត រួមទាំងកម្មាភិបាលជាន់ខ្ពស់ ប្រមាណជាង ១២.២៧២នាក់ត្រូវបានសម្លាប់នៅទីនោះ​។ ក្រោយ​ថ្ងៃរំដោះ ៧ មករា ១៩៧៩ បឹងជើងឯក ត្រូវបានប្រែក្លាយទៅជាបូជនីយដ្ឋានប្រវត្តិសាស្រ្ត និងជាទីកន្លែងភស្តុតាង​ នៃសោកនាដកម្មពិតជាក់ស្តែងមួយ ដែលបង្កប់ទៅដោយឈាម និងទឹកភ្នែក។

ការជួបជុំនាថ្ងៃនេះ ក៏ជាឱកាសឲ្យយុវជនបានចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនជំនាន់មុន ដែល​បានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ដណ្តើមយកជ័យជម្នះ កត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាពពីរបបកម្ពុជាប្រជាធិបតេយ្យដ៏យង់ឃ្នង ជូនប្រជាជនកម្ពុជាវិញ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។​ ជ័យជម្នះ ៧មករា បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ដែលនៅសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា។ កម្ពុជា​​បានបិទទំព័រសករាជដ៏ខ្មៅងងឹតបំផុតរបស់ខ្លួន និងបើកឡើងវិញនូវទំព័រសករាជថ្មី គឺសករាជ​​   ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ថ្លែងបិទអង្គពិធី លោក ហ៊ុន ម៉ានី បានអំពាវនាវឲ្យយុវជនជំនាន់ក្រោយទាំងអស់ ស្វែងយល់ឲ្យបានកាន់តែច្បាស់ពីមេរៀនប្រវត្តិសាស្រ្តដ៏ឈឺចាប់ ដែលប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់កន្លងមក និងត្រូវចេះទទួលស្គាល់​ ឲ្យតម្លៃសន្តិភាព ដែលខ្លួនកំពុងមាន តាមរយៈការចូលរួមថែរក្សាសមិទ្ធិផលនានាដែលសម្រេចបានមកយ៉ាងលំបាកនាពេលកន្លងមក។ ក្នុងទិសដៅនេះ យុវជនយើងត្រូវជៀស​វាងនូវរាល់សកម្មភាពទាំងឡាយណា ដែលនាំឲ្យមានភាពច្របូកច្របល់នៅក្នុងសង្គម ដោយត្រូវប្រកាន់យកវប្បធម៌អហិង្សា និងយុត្តិធម៌តាមផ្លូវតុលាការក្នុងការដោះស្រាយរាល់ទំនាស់នានាចំពោះ​មុខ។