យុវជនបន្តវេនប្តេជ្ញា រក្សា​សុខសន្តិភាព និង​ដើរ​ឆ្ពោះ​ទៅ​អនាគត​ប្រកប​ដោយក្តីសង្ឃឹម និង​ភាពជឿជាក់

សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឈ្មោះដើមជា សមាគម​យុវជន​សាមគ្​គីសង្​គ្រោះ​ជាតិ​កម្ពុជាដែ​លជា​ផ្នែកមួយ​ដ៏សំខាន់​នៃរណសិរ្ស​សាមគ្គីសង្គ្រោះជាតិ​កម្ពុជា ក្នុង​ការ​ចូលរួម​រំដោះជាតិ​មាតុភូមិ​ចេញ​ពីរបប​ប្រល័យ​ពូជសាសន៍ខ្មែ​រ​ក្រហម រហូត​ទទួល​បាន​ជោគ​ជ័យ​នា​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សូម​សម្តែង​នូវការ​ដឹង​គុណ​កតញ្ញុតា​ធម៌ ចំពោះ​វីរយុទ្ធជន​ខ្មែរ និង​សូម​អបអរសាទ​រខួប​អនុស្សាវរីយ៍​លើកទី ៤០ នៃ​ទិវាជ័យ​ជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ។

ទិវា ៧ មករា នេះ កើតចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ ពីការតស៊ូ ពីពលិកម្ម​ដ៏​ក្លាហាន​ និងបាន​យកជីវិត​ជាដើម​ទុនរបស់​អតីត​យុវជន​កម្ពុជា​ក្នុងស្មារតី​ ២ធ្នូ ដោយ​ក្រោក​ឡើង​តស៊ូដើម្បី​សង្គ្រោះ​ប្រជាជន​កម្ពុជា​ឲ្យរួច​ផុត​ពីនរក​អវិចី​នៃរបប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។ វីរជន​ដែល​បានផ្ដួល​រំលំរបបប្រល័យ​ពូជសាសន៍ បាន​រក្សា​ជំហរ​របស់ខ្លួន​យ៉ាង​មុតមាំ​ក្នុងការ​ស្វែងរក និងរក្សា​ឲ្យបាន​នូវសន្ដិភាព ស្ថិរភាព និងសុភមង្គល​ជូន​សង្គម​ជាតិ រហូត   កម្ពុជា​អាច​ទទួល​បាន​សន្ដិភាព​ពេញ​លេញ​ក្នុងឆ្នាំ១៩៩៨ ដែលជាការផ្ដល់ឱកាសដ៏ធំធេងចំពោះប្រជាជនខ្មែរគ្រប់និន្នាការ ក្នុង​ការ​ចូលរួម​ចំណែក​ជំរុញ​វឌ្ឍនភាពសង្គមរហូតសម្រេចសមិទ្ធផលនានា​​ក្នុងរយៈ​ពេល ៤០ឆ្នាំ​ចុង​ក្រោយ​នេះ ​និងសម្រាប់​បន្ត​ទៅ​អនាគត​ទៀត។

ក្នុងនាមយុវជនជំនាន់ក្រោយដែលយល់យ៉ាងច្បាស់ពីស​​ច្ចធម៌ប្រវត្តិសាស្រ្ត យើង​ខ្ញុំសូម​ឆ្លៀត​ឱកាស​ក្នុង​ខួប​អនុស្សាវរីយ៍​លើកទី៤០នៃ​ទិវាជ័យ​ជម្នះ​លើរ​បប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​នេះ ក្នុងការ​កោត​សរសើរ និង​អបអរសាទរ​ចំពោះ​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​បានងើប​ពីចំណុច​សូន្យនៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩​ រហូត​សម្រេច​បាន​នូវ​សមិទ្ធផល​គ្រប់វិស័យក្នុងរយៈពេល​៤០ឆ្នាំ​កន្លង​មក។ ក្នុង​ន័យ​​​នេះ ក្រុម​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សូមប្តេជ្ញា​ការពារ​នូវ​សមិទ្ធផល​ដែលសម្រេច​បាន​របស់អតីត​យុវជនយើង ក៏ដូចជាសង្គមជាតិ និងប្រឹង​ប្រែង​ឲ្យអស់​ពីសមត្ថភាព​ក្នុងការ​ជួយ​ជំរុញវឌ្ឍនភាព​សង្គម​ជាតិ​លើ​គ្រប់​វិស័យ​ជាពិសេស​តាមរយៈ​បេសកកម្ម​របស់ខ្លួន ក្នុងការ​បណ្តុះបណ្តាល​យុវជន​ជំនាន់ក្រោយ​ទាំងសមត្ថភាព សាមគ្គីភាព និងមនសិការជាតិ ឲ្យក្លាយជាឆ្អឹងខ្នង​ដ៏រឹង​មាំ​សម្រាប់​អនាគត​កម្ពុជា។