វត្តមាន​ប្រទីប​នៃសហភាព​សហព័ន្ធ​យុវជន​កម្ពុជាជាលើក​ទី​១​

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

«វត្តមានប្រទីបនៃសហភាពសហព័ន្ធយុវជនកម្ពុជា

ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក »

សហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូនដំណឹង​ដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និង​សាធារណជន​អោយ​បាន​ជ្រាប​ថា នៅក្នុ​ង​ឆ្នាំ២០១៨នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មាន​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​​ចូល​រួម​ជាវត្តមាន​​លើកទី១ នូវ​ប្រទីប​នៃសហភាពសហព័ន្ធយុវជន​កម្ពុជា ក្នុង​ព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ដែល​នឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១៤កើត ដល់ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។  

ប្រទីបនៃសហភាពសហព័ន្ធយុវជនកម្ពុជា រំលេច​ជារូបភាព “នាវាកម្ពុជា”  ដែល​ជា​នាគរាជ​ដ៏អង់​អាច និង​ប្រកបដោយ​​ការ​​តុប​តែង​​លំអ​​យ៉ាង​រស់រវើក ជានិមិត្ត​រូប​នៃភាព​ត្រជាក់ត្រជុំ ជា​ស្ពាន​ចម្លង​ពីឋាន​មនុស្ស​ និងឋាន​ទេវតា និង​ជានិមិត្ត​រូប​នៃការការពារ​និងថែរក្សាសម្បតិ្ត​ប្រកប​ដោយ​មហិទ្ធិឫទ្ធិ ហើយនៅលើ “នាវាកម្ពុជា” មាន​ទង់នៃព្រះរាជាណាចក្រកម្ពុជាដ៏ធំមួយ និងអណ្តែតលើភ្លើងពណ៌ខៀវតំណាង​ដល់ មហា​សមុទ្រ។

នៅខាងលើ “នាវាកម្ពុជា” មានរំលេចរូបរចនាតំណាងដល់ប្រាង្គប្រាសាទអង្គរវត្ត ព្រះ​បរមរាជវាំង វិមាន​ឯករាជ្យ វិមានរដ្ឋសភា វិមានសន្តិភាព វិមានឈ្នះ-ឈ្នះ និង​វិមាន​អនុស្សាវរីយ៍​រណសិរ្ស​២ធ្នូ  ដែល​​ជ​ា​តំណាង​​​ដល់​​ភាព​​ជោគជ័យ រុងរឿង និងអភិវឌ្ឍន៍​លើខឿន​វប្បធម៌ អរិយធម៌ និង​ប្រវត្តិសាស្រ្ត ដ៏​រឹង​​ម​ាំនៃ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ ក្នុង​ន័យ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​លើក​តម្កើង​ស្មារតី​ស្ម័គ្រ​ចិត្ត ភាព​​ជ​ា​គម្រូ និង​ការ​​បន្ត​វេន​​​នៃ​យុវជន​កម្ពុជា គឺ “យុវជន​ក្នុង​បុព្វហេតុ​មាតុភូមិ” ក្នុង​ការ​ថែរក្សា​សមិទ្ធិផល​​ដែ​ល​​​បាន​​កសាង​​​កន្លង​​មក​​ប្រកប​​មោទនភាព និង​បន្ត​អភិវឌ្ឍជាតិ​កម្ពុជា​មួយ ដែល​ជាអនាគត​រួមគ្នា និង​ជោគ​វាសនារួមគ្នា។

ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាដ៏ធំ លាតសន្ធឹងនៅលើ “នាវាកម្ពុជា” ជាតំណាង​ដល់​មហា​សាមគ្គី​នៃ​យុវជន និង​ប្រជាជាតិ​កម្ពុជា​ក្នុង​ការ​រួមគ្នា​ជួយ​ដល់​ប្រទេស​ជាតិ​អោយ​មាន​ការ​រីក​ចម្រើន​ទៅមុខ​ ជាមួយ​​​នឹង​ការ​ដាក់​ឧត្តម​ប្រយោជន៍​ជាតិ​ជាធំ។ រំលេច​ជាមួយ​ពាក្យ “យើងជឿជាក់​លើ​ព្រះរាជា​​ណាចក្រ​​​​​កម្ពុជា” ជាកត្តា​បញ្ជាក់​ថា​យុវជន​ជាសមាជិក សមាជិកា នៃ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា    ប្តេជ្ញា​​​ចូល​រួម​​​ជម្រុញ “នាវាកម្ពុជា” អោយឆ្ពោះទៅមុខដោយស្មារតី នៃការ​ជឿជាក់​លើព្រះរាជាណាចក្រ​កម្ពុជា។ 

ឆ្នាំ១៩៥៣ – ២០១៨​ ជាតំណាងដល់ការអបអរសាទរនៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជា​ណាចក្រ​​កម្ពុជាគំរប់ខួបលើកទី៦៥ឆ្នាំ។ 

គួររំលឹកផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែល​បាន​​បន្ត​​បេសកកម្ម​​ពីសមាគម​យុវជន​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា និង​សមាគម​យុវជន​កម្ពុជា ដែល​បាន​​​បដិសន្ធិ​​នៅ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុង​គោល​ដៅ​សំខាន់​បំផុត​ដើម្បី​ប្រមូល​ផ្តុំ​យុវជន​គ្រប់​ទិសទី ​ជា​​មហា​​កម្លាំង​​សាមគ្គី ក្នុង​ការ​រួម​ចំណែក​កសាង​ប្រទេស​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។  

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៦ ៩៩៩ ៣៩៣៣ ឬ ០៨៦ ៣០០ ៣៧៧។