លោក ហ៊ុន ម៉ា​នី ក្នុងនាម​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (UYFC) បាន​ឡើងទៅ​ទទួល​រង្វាន់ «The ASEAN People’s Award» (រង្វាន់​ប្រជាជន​អាស៊ាន) នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៧ នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ។

លោក ហ៊ុន ម៉ា​នី ក្នុងនាម​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (UYFC) បាន​ឡើងទៅ​ទទួល​រង្វាន់ «The ASEAN People’s Award» «រង្វាន់​ប្រជាជន​អាស៊ាន» ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​ស្ថាប័ន និង​ពលរដ្ឋ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ទាក់ទង​នឹង​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​សមត្ថភាព រួមមាន​កិច្ចការ​នយោបាយ សង្គម វប្បធម៌ សេដ្ឋកិច្ច អប់រំ យុវជន និង​ការបំពេញ​ការងារ​ស្ម័គ្រ​នៅតាម​សហគមន៍​ជាដើម។

រង្វាន់​ដែលមាន​ទឹកប្រាក់១ម៉ឺន​ដុល្លារ​អាមេរិក​នេះ ត្រូវ​ផ្តល់​ឲ្យ​រាល់​ជ័យលាភី​នៃ​រដ្ឋនីមួយៗ ដើម្បី​ជំរុញ​ទឹកចិត្ត​ពួកគេ​បន្តសកម្មភាព​របស់ខ្លួន។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា របស់លោក ហ៊ុន ម៉ា​នី ត្រូវបាន​ជ្រើសរើស​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការទទួល​រង្វាន់​នេះ ហើយ​បាន​លោក​ទទួល​លិខិតបញ្ជាក់​ពី​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី២ ខែវិច្ឆិកា កន្លងមក។

ក្រសួងការបរទេស​ប​ញ្ជា​ក់ថា ការផ្តល់​ជ័យលាភី​នេះ គឺ​បន្ទាប់ពី​ឆ្លងកាត់​ការវិនិច្ឆ័យ​របស់​គណៈ​ក​ម្មា​ធិ​ការដែល​បានកត់សម្គាល់​ពី​ស្នាដៃ​លេចធ្លោ​របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គម និង​យុវជន រួមទាំង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន។

សូមបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ឪពុក​បង្កើត​របស់លោក ហ៊ុន ម៉ា​នី ក៏​​ធ្វើការ​ផ្សាយ​ផ្ទាល់​ផងដែរ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅពេលដែល​កូនប្រុស​ឡើងទៅ​ទទួល​រង្វាន់៕